(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់លើកម្រាលឈាមក្រហមឆ្អៅ ខណៈមានការសង្ស័យថា បុរសរូបនេះបានបាញ់សម្លាប់ខ្លួនឯង ដោយប្រើកាំភ្លើងខ្លីបាញ់ចំត្រង់ក្បាល។

ហេតុការណ៍ប្រទះឃើញសាកសព កើតឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានទីតាំងនៅភូមិប្រយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា នៅក្បែរសពគេប្រទះឃើញកាំភ្លើងខ្លីមួយដើម ហើយខណៈពេលនេះកម្លាំងនគរបាល កំពុងធ្វើកោសល្យវិច្ច័យលើសាកសព ដើម្បីរកមូលហេតុនៃការស្លាប់នេះឱ្យច្បាស់លាស់។

អធិការខណ្ឌសែនសុខ លោក ហួរ ម៉េងវាង បានភ្នាក់ងារព័ត៌មាន Fresh News ដែលបានចុះទៅកន្លែងកើតហេតុផ្ទាល់ថា បុរសខាងលើសង្ស័យមានវិបត្តិហើយក៏បាញ់ខ្លួនឯង គឺប្រហែលជាប្រើកាំភ្លើងខ្លី បាញ់ខ្លួនឯងត្រង់ក្បាល ១គ្រាប់ ដើម្បីសម្លាប់ខ្លួន៕