(ព្រះវិហារ)៖ រដូវប្រមូលផលស្រូវបានមកដល់ ដោយសារកសិករមួយចំនួនខ្វះខាតធនធាននោះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សរុចចំនួន៤២នាក់ បានចុះជួយច្រូតស្រូវប្រជាកសិករចំនួន២គ្រួសារ នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្រាប់សកម្មភាពចុះជួយប្រជាកសិករច្រូតស្រូវកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងនិងជានាយសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការចង្អុលបង្ហាញ និងណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអន្តរាគមន៍ នៃអធិការស្រុកជាំក្សាន្តសរុបចំនួន៤២នាក់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ២គ្រួសារ គឺគ្រួសារឈ្មោះ ហង្ស សុភ័ណ្ឌ និងឈ្មោះ ណុំ គន្ធី ដែលមានទីតាំងនៅភូមិឃុំខាងលើ។

ប្រជាកសិករទាំង២គ្រួសារ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងនគរបាលខេត្តព្រះវិហារ ដែលក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គមហើយនោះ គឺបានចូលរួមចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយបានចុះជួយច្រូតស្រូវប្រជាពលរដ្ឋដែលកំពុងខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផល ហើយពួកគាត់បានបន្ថែមថា បើមិនមានការជួយចុះច្រូតកាត់ពីកម្លាំងនគរបាលនៅពេលនេះទេ ម្លេះស្រូវរបស់គាត់នៅក្នុងស្រែមិនដឹងទៅជាយ៉ាងណាទេ ព្រោះពួកគាត់គ្មានលុយសម្រាប់ជួលគេទេ៕