(សៀមរាប)៖ លោក ខាន់ ខុន សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកំពង់ធំ និងជាទីប្រឹក្សាក្រសួងធម្មការ និងសាសនា សហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត នាំយកអំណោយគ្រឿងឧបភោគបរិភោគ ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះជនចាស់ជរា និងជនពិការ ២៨០គ្រួសារ ក្នុងឃុំជីក្រែង និងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប និងឃុំបត់សាលា ស្រុកបាណន់ ឃុំតាម៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

នៅក្នុងឱកាសនៃការនាំយកអំណោយកាលពីថ្ងៃទី២០-២១ ខែវិច្ចិកា ឆ្នាំ២០២០នោះ លោក ខាន់ ខុន បានជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់ខ្ជូននូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេសវីរុសថ្មី កូវីដ១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិត ប្រសិនបើមានបញ្ហាសុខភាព។

លោកបានលើកឡើងទៀតថា «ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមនិងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ដែលកំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង»

លោកបន្តថា ចំពោះគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឲ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្សេងៗ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បំផុត ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុ។

លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមប្រកាន់ខ្ជាប់ខ្ជូននូវគន្លឹះថែរក្សាសុខភាព ពិសារអាហារសាច់ឆ្អិន ទឹកស្អាត រស់នៅមាន អនាម័យ ដើម្បីបញ្ជៀសជំងឺឆ្លង ហើយបើមានជំងឺឈឺឆ្កាត់ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ។

លោកបន្ថែមថា ក្នុងពេលនេះ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់ការជួយសង្គ្រោះអាយុជីវីត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបានចុះដោយផ្ទាល់នៅទីកន្លែងដែលរងគ្រោះ ដោយបានចែកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់បានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។ អាចនិយាយបានថា ទីណាមានការលំបាក ទីនោះមានរាជរដ្ឋាភិបាល មានសម្តេចតេជោនាយករដ្ឋមន្រ្តី និងមានសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស នៅតាមជួយប្រជាពលរដ្ឋជានិច្ច សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ។

សូមបញ្ជាក់ផងដែរថា សម្រាប់អំណោយដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារទទួលបានដូចជា អង្ករ មី ទឹកត្រី ហើយក្នុងឱកាសនោះដែលអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់លោក ខាន់ ខុន និងក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត ដែលបាននាំយកអំណោយមកចែកជូនក្នុងគ្រាដែលជួបការលំបាកនេះផងដែរ៕