(កណ្ដាល)៖ អំណោយរបស់ស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្ត, គណៈពង្រឹងសង្កាត់លោក គឹម បូរី, លោក មួយ ប្រាក់ពន្លឺ និងសប្បុរសជននានា ត្រូវបានប្រគល់ជូនគ្រួសារសពបុរសដែលត្រូវគេសម្លាប់ព្រោះផ្លែចេក ២ស្ទង។

សកម្មភាពប្រគល់អំណោយ បានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅសាលាសង្កាត់សិត្បូ ក្រុងតាខ្មៅ
ហើយត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសព តាមរយៈលោកឧត្តមសេនីយ៍ត្រី ឈុន ស៉ីណាត ស្នងការរង, លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល, លោក ចៅ វុទ្ធី នាយការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់, លោក យី វ៉ាន់ដា អធិការក្រុងតាខ្មៅ និងដោយមានការចូលរួមពីគណៈពង្រឹង ក្រុមប្រឹក្សាឃុំ លោក នាយប៉ុស្តិ៍ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ឈុន ស៉ីណាត ស្នងការរងតំណាងរបស់លោកឧត្តមសេនីយ៍ទោស្នងការ បានសំដែងការសោកស្តាយចំពោះក្រុមគ្រួសារសព ដែលបានពលរដ្ឋវាយសម្លាប់ ដោយសារកំហឹងមួយឆាវនោះ។

អំណោយទៅចែកជូនរួមមាន ថវិកា ២លាន ២០ម៉ឺនរៀល អង្ករ៥បេ ស្មើ២៥០គីឡូក្រាម ទឹកត្រី២យួរ មី៥កេស ត្រីខ ២យួរ ទឹកស៊ីអ៊ីវ២យួរ។ ទាំងនេះជាការចែករំលែកនូវទឹកចិត្តមនុស្សធម៌ ដល់ក្រុមគ្រួសារ លោក យិ សុយ៉េត និងលោកស្រី សុះ មះ រស់នៅលើទូក មុខរបរនេសាទត្រី ស្ថិតក្នុងសង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ម្ដាយរបស់សព គឺលោកស្រី សុះ មះ ព្រមទាំងក្រុមគ្រួសារ បានសំដែងនូវអំណរគុណចំពោះលោកស្នងការនគរបាលខេត្តកណ្តាល និងក្រុមការងារ ព្រមទាំងគណៈពង្រឹង ក្រុមប្រឹក្សាឃុំ និងក្រុមការងារ ដែលបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមកចែកជូននាពេលនេះ។

គួរជម្រាបថា បុរសម្នាក់ យ៉េប សុគ្រី បានលួចចេកពងមាន់គេចំនួន ២ស្ទង នៅសង្កាត់កោះអន្លង់វិន បំណងលក់នៅសង្កាត់សិត្បូ ប៉ុន្តែត្រូវបានក្រុមប្រជាពលរដ្ឋ និងប្រជាការពារប្រដេញចាប់រត់មកដល់ខាងក្រោយរោងចក្រប្រឡាយ៦៤ ក្នុងភូមិពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាម៉ោង ១២៖១០នាទីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០។ ជនសង្ស័យក៏រត់ចូលទឹកអូរនៅម្ដុំនោះ បំណងគេចចេញពីការចាប់ខ្លួន ប៉ុន្តែជាអកុសល ត្រូវគេវាយសម្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ករណីនេះ តុលាការខេត្តកណ្ដាល នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចដោះលែងជនដែលវាយសម្លាប់ជនសង្ស័យខាងលើ ប៉ុន្តែនីតិវិធីនៅបន្តដដែល។ នេះបើតាមលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ។

លោក ទិន សុចិត្រា បានឲ្យដឹងថា តាមរយៈTelegram ថា លោកស្រីព្រះរាជអាជ្ញារង ស៊ុន យ៉ឺត បានអនុញ្ញាតឲ្យប្រជាការពារឈ្មោះ ផុន សាន ត្រឡប់ទៅផ្ទះវិញ ព្រោះនេះជាការការពារខ្លួនស្របច្បាប់, ប៉ុន្តែដំណើរនីតិវិធី នៅបន្តដដែល។ ប្រជាការពាររូបនេះ ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោយវាយសម្លាប់ចោរម្នាក់ឈ្មោះ យ៉េប សុគ្រី បណ្ដាលរបួសពេញខ្លួន និងផុងលលាក្បាលចេញខួរនៅក្នុងទឹកអូរ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ហើយត្រូវការិយាល័យព្រហ្មទណ្ឌកម្រិត បានបញ្ជូនទៅតុលាការ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០៕