(ស្វាយរៀង)៖ បុរសមាឌធំម្នាក់ បានស្លាប់បាត់ជីវិតភ្លាមៗដោយសាររន្ទះបាញ់ ពេលគាត់កំពុងជិះម៉ូតូក្បែរប្រឡាយនៅចំណុចភូមិបឹងឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

បុរសរងគ្រោះមានឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល។ សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀងស្រិចៗ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង ខណៈនោះជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ធ្វើដំណើរតាមផ្លូវអមសងខាងប្រឡាយទឹក ស្រាប់តែមានរន្ទះបាញ់មួយឮសូរកក្រើកធរណី ហើយគេបានឃើញបុរសរូបនេះដេកដួលក្បែម៉ូតូនាំឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីផងដែរ៕