(ស្វាយរៀង)៖ រូបសំណាកសត្វក្រពើអាយុជាង ៦០ឆ្នាំនៅរង្វង់មូលស្រុកកំពង់រោទ្ធិ៍ ខេត្តស្វាយរៀង ដែលប្រជាពលរដ្ឋមានជំនឿថា មានបារមីខ្លាំងពូកែនោះ ត្រូវបានអាជ្ញាធរសម្រេចរុះរើសាងសង់ថ្មី ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រស់ទីរួមស្រុកឱ្យបានស្រស់ស្អាតជាងពេលបច្ចុប្បន្ន។

ពិធីរុះរើរូបសំណាកសត្វក្រពើនៅរង្វង់មូលស្រុកកំពង់រោទិ៍ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការធ្វើពិធីក្រុងពាលីសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី និងបារមីថែរក្សារូបសំណាកក្រពើដែលពលរដ្ឋធ្លាប់តែមានជំនឿផងដែរ។ ពិធីនេះត្រូវបានដឹកនាំដោយលោក តឹក ពិសិដ្ឋ អភិបាលរងស្រុកកំពង់រោទិ៍ និងមានការអញ្ជើញចូលរួមពីមន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកផងដែរ។

លោក តឹក ពិសិដ្ឋ បានឱ្យដឹងថា រូបសំណាកសត្វក្រពើនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៨ ដោយលោក តូច ថុង អតីតអភិបាលស្រុក។ ការសាងសង់រូបសំណាកសត្វក្រពើនេះ ដើម្បីជាការឧទ្ទិសដល់សត្វក្រពើមួយក្បាល ដែលពលរដ្ឋមានជំនឿថាមានបារមីស័ក្តិសិទ្ធិ និងតែងនាំគ្នាបួងសួងសុំក្តីសុខសប្បាយ ព្រមទាំងសម្រេចបំណងប្រាថ្នាផ្សេងៗ។

លោក តឹក ពិសិដ្ឋ បានគូសបញ្ជាក់ថា រង្វង់មូលនេះនឹងសាងសង់រូបសំណាកក្រពើដដែល តែធំជាងពេលបច្ចុប្បន្ន ហើយក៏មានការរៀបចំកែសម្រួលរង្វង់មូលនេះដោយរំលេចសួនច្បារជាដើម ដើម្បីលើកកម្ពស់សោភ័ណភាពស្រុកឱ្យស្រស់បំព្រង និងមានការទាក់ទាញជាងពេលបច្ចុប្បន្ន។

ពលរដ្ឋក្នុងស្រុកកំពង់រោទិ៍បានដំណាលរឿងរ៉ាវពាក់ព័ន្ធនឹងប្រវត្តិសត្វក្រពើដែលពួកគាត់មានជំនឿនេះថា នៅតាមស្ទឹងស្ថិតក្នុងតំបន់កំពង់រោទិ៍នេះ សម្បូរទៅដោយព្រែកបឹងបួរដែលមានសត្វក្រពើរស់នៅជាច្រើន។ ជាពិសេសកំពង់ដរអ្នកស្រុកចតទូក ឬសំពៅ មានសត្វក្រពើមួយមានមហិទ្ធិរិទ្ធ បារមីពូកែ ឬជាក្រពើអ្នកតា ដែលតែងតែមានសម្រែកស្រែកយ៉ាងខ្លាំងនៅពេលថ្ងៃសីល ឬថ្ងៃឧបោសថសីល តាមការចង់ដឹង ចង់ឃើញពីអ្នកស្រុក។

អ្នកស្រុកតែងតែបន់ស្រន់ សុំសេចក្ដីសុខគ្រប់ប្រការ ឬប្រាថ្នាអ្វីតាមការចង់បានរបស់ពួកគេ។ បន្ថែមពីលើនោះ ដោយសារសត្វក្រពើនោះ តែងតែស្រែករោទិ៍ឮៗទើបនាំឱ្យពលរដ្ឋហៅតំបន់នោះថា កំពង់ក្រពើរោទិ៍ ហើយក្រោយគេយកឈ្មោះនេះមកដាក់ជាឈ្មោះស្រុកកំពង់រោទិ៍តែម្តង៕