(ភ្នំពេញ)៖ សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ប្រទេសកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អាមេរិកាំង-អឺរ៉ុប របស់ប្រទេសចិន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញឲ្យមានទំនាក់ទំនង ការវិនិយោគ ពាណិជ្ជកម្ម អន្តរជាតិ និងវិស័យដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ពិធីចុះ MoU បានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។

លោក ជា ចាន់ដារា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានលើកឡើងថា គោលដៅសំខាន់នៃ MoU គឺចង់ឲ្យមានការធ្វើទំនាក់ទំនងកាន់តែជ្រៅ រវាងអ្នកវិនិយោគចិន និងកម្ពុជា។ គេអាចនិយាយបានថា អ្វីដែលភាគីសភាពាណិជ្ជកម្ម និងឧស្សាហកម្ម អាមេរិកាំង-អឺរ៉ុប ប្រទេសចិន ចង់បាននោះ គឺចង់ឲ្យមានការណែនាំពីការនាំទំនិញចូលពីប្រទេសចិនមកប្រទេសកម្ពុជា ហើយសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញកម្ពុជា ក៏ចង់ឲ្យមានការណែនាំពីការនាំទំនិញពីកម្ពុជាចូលទៅចិនវិញ ពិសេសទៅលើវិស័យកសិកម្ម។

លោកបន្តថា ចំពោះការសហការគ្នានេះ ក្រោយផុតកូវីដ១៩ គឺភាគីទាំងពីរចង់ឲ្យមានការដឹកនាំក្រុមអ្នកដែលចង់វិនិយោគទៅប្រទេសចិន ឬចង់ទិញទំនិញពីប្រទេសចិន អាចទៅដល់រោងចក្រផ្ទាល់នៅចិន ខណៈភាគីខាងចិនក៏ធ្វើបែបនេះដែរ ពោលអ្នកដែលចង់មកវិនិយោគនៅកម្ពុជា ឬចង់ទំនិញពីកម្ពុជា អាចមកដល់ផ្ទាល់នៅតាមរោងចក្របាន។ MoU មួយនេះ ថែមទាំងជាស្ពានសម្រាប់រៀបចំឲ្យមានការណាត់ជួបរវាង អ្នកវិនិយោគ និងអ្នកវិនិយោគ នៃប្រទេសទាំងពីរ ដើម្បីពិភាក្សាលើការងារវិនិយោគផងដែរ។

បើតាម លោក ជា ចាន់ដារ៉ា តាំងពីកូវីដ១៩ចូលមក វិស័យដឹកជញ្ជូនទំនិញមានការធ្លាក់ចុះ។ បញ្ហាធ្លាក់ចុះដោយសារ ពេលទំនិញត្រូវបញ្ជូនចេញ ប្រទេសក្រៅមួយចំនួនអត់ទទួលទេ។ បញ្ហាមួយទៀត អ្នកដែលបានបញ្ជារទិញហើយ ខ្វះគ្រឿងបន្ទាប់បន្សំ។ ទោះជាយ៉ាងណា ចាប់តាំងពីស្ថានភាពកូវីដ១៩ នៅកម្ពុជាបានថយចុះ ការដឹកជញ្ជូនទំនិញ ក៏ចាប់ផ្តើមកើនឡើងវិញផងដែរ។

លោកបញ្ជាក់ថា «ឥឡូវនេះ ដោយសារខ្ញុំនៅក្នុងវិស័យឡូជីស្ទីក ខ្ញុំដឹងថា (ការដឹកជញ្ជូនទំនិញ) ចាប់ផ្តើមរើបបន្តិចហើយ គឺមានការដេរ ឬមានការផលិតហើយ ពេលនាំចេញ គេទទួល»។ ទោះជាយ៉ាងនេះក្តី តម្លៃនៃការដឹកជញ្ជូនទំនិញតាមនាវាថ្លៃជាងមុន ខណៈការដឹកជញ្ជូនតាមរថយន្ត នៅតែរក្សាបានតម្លៃដដែល។

ក្នុងនាមជាអ្នកយល់ដឹងខាងផ្នែកដឹកជញ្ជូន លោក ជា ចាន់ដារ៉ា បានណែនាំថា អ្នកដែលចង់បញ្ជារទិញទំនិញពីប្រទេសក្រៅ សូមព្យាយាមទាក់ទងឲ្យបានច្បាស់លាស់ រវាងអ្នកទិញហើយនិងអ្នកលក់ ពីព្រោះលោកមើលឃើញថា បន្ទាប់ពីមានកូវីដ១៩ ការហោះទៅក្នុងប្រទេសដទៃ ក្នុងការទៅមើលទំនិញផ្ទាល់ មិនមានទេ។ ប្រការនេះហើយ ធ្វើឲ្យការទិញលក់ អាចប៉ះពាល់ ឬមានការបោកប្រាស់ ហើយករណីជាក់ស្តែងក៏ធ្លាប់កើតមានផងដែរ៕