(កំពង់ស្ពឺ)៖ នៅក្នុងពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិបត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តកំពង់ស្ពឺ ដែលបានធ្វើនៅអគារប្រជុំរបស់មន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា បច្ចុប្បន្ននេះចំពោះសក្តានុពលខេត្តកំពង់ស្ពឺ ទាំងកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្របានទាក់ទាញអ្នកវិនិយោគទុនមកបណ្ដាក់ទុនវិនិយោគកាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

លោក វ៉ី សំណាង បានបន្ថែមថា សក្តានុពលនេះ គឺដោយចង់បង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជនខេត្តកំពង់ស្ពឺ ដោយមានចរិតស្លូតបូត និងខិតខំអំណត់តស៊ូធ្វើការងារ ព្រមទាំងមានភាពស្មោះត្រង់ ហើយកត្តាភូមិសាស្ត្រខេត្តកំពង់ស្ពឺ ជាខេត្តមួយមានផ្លូវជាតិឆ្លងកាត់ជាច្រើន ពិសេសផ្លូវជាតិលេខ៤ ឆ្លងកាត់ដែលបង្កលក្ខណៈងាយស្រួល នាំផលិតផលចេញនិងនាំចូល ។

លោកអភិបាលបញ្ជាក់ដែរថា ខេត្តកំពង់ស្ពឺនេះ ស្ថិតជិតបំផុតច្រកកំពង់ផែអន្តរជាតិ កំពង់សោម ហើយក៏ជាខេត្តមួយបង្កលក្ខណៈងាយស្រួល សម្រាប់អ្នកវិនិយោគទុន មកបណ្ដាក់ទុន ព្រមទាំងទទួលបានផលចំណេញខ្ពស់ផងដែរ។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងដែរថា ក្នុងនាមតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរូបលោកផ្ទាល់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសវិនិយោគ នៅខេត្តកំពង់ស្ពឺនាថ្ងៃនេះ។ គិតមកដល់ពេលនេះសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសបើកជាផ្លូវការ កិច្ចសហប្រតិបត្តិការបោះពុម្ពផ្សាយសៀវភៅនេះជាមួយសភា ពាណិជ្ជកម្មមណ្ឌលខេត្តបានចំនួន ១០ខេត្តមកហើយ។

លោកបានបញ្ជាក់ទៀតថា កិច្ចការស្រាវជ្រាវនិងចងក្រងទិន្នន័យគោល ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ប្រភេទទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ បន្ទាប់ពីបោះពុម្ភផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកំពង់ស្ពឺ រួចទាំងសភាពាណិជ្ជកម្ម និងអាជ្ញាធរខេត្តអាចបង្ហាញដល់វិនិយោគគិន អំពីវិស័យសក្តានុពល និងនិន្នាការអាជីវកម្ម ក្នុងខេត្តដោយផ្អែកលើទិន្នន័យ និងការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈផងដែរ៕