(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២នេះ បានដឹកនាំកម្លាំង ចុះសំណេះសំណាល និងសួរសុខទុក្ខមន្ដ្រីនគរបាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតក្នុងព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក អាំង សុខជា មានជំងឺលើសឈាម ហើយត្រូវបានគ្រួសារលោក ជូនទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែដោយសារស្ថានភាព ជំងឺរបស់លោកមានការធូរស្រាល គ្រួសារបាននាំលោកមកសម្រាកព្យាបាលជំងឺនៅគេហដ្ឋានវិញម្តង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងតែគិតគូរ និងយកចិត្តទុកចំពោះមន្ត្រីថ្នាក់ក្រោម និងចង់ដឹងសុខទុក្ខសុខុមាលភាពមន្ដ្រី ដែលបានបំពេញភារកិច្ច បេសកកម្ម ដែលថ្នាក់ដឹកនាំប្រគល់ជូន។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណ ចំពោះពលិកម្មនារយៈពេលកន្លងមករបស់លោកវរសេនីយ៍ឯក អាំង សុខជា ក្នុងបេសកកម្មការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយលោកបានធ្វើការណែនាំ ដល់អ្នកជំងឺសូមថែទាំសុខភាព តាមរយៈការធ្វើអនាម័យជាចំបង បរិភោគ អាហារចម្អិនឲ្យបានឆ្អិនល្អជំនួយដល់សុខភាព ជៀសវាងឲ្យបានអាហារណា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ហូបទឹកស្អាត ពិសារឱសថ តាមពេលវេលាដែលមានការកំណត់តាមវេជ្ជបញ្ជាសម្រាកគ្រប់គ្រាន់ ទើបឆាប់បានជាសះស្បើយពីជំងឺ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រគល់អំណោយមួយចំនួន រួមមាន ថវិកាចំនួន២លានរៀល, អង្ករចំនួន០៤បេ, ត្រីខកំប៉ុងចំនួន០២យួរ, ទឹកបរិសុទ្ធចំនួន០២កេស, ទឹកដោះគោឆៅចំនួន០២យួរ, មីយើងចំនួន០២កេស, ទឹកស៉ីអ៉ីវ, ទឹកត្រីដល់គ្រួសារអ្នកជំងឺ ដើម្បីចូលរួមសម្រាលក្នុងការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ។

ភរិយារបស់លោក អាំង សុខជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដឹកនាំកងកម្លាំងចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារ របស់លោកស្រី និងគោរពជូនចំពោះ
លោកស្នងការ និងប្រតិភូអមដំណើរសូមមានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច៕