(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចាត់ក្រុមការងារបានចុះធ្វើផ្ទះចំការ និងនាំយកអំណោយគ្រាប់ពូជដំណាំ ជូនដល់ប្រជាកសិករចំនួន១៣គ្រួសារ ដែលទទួលរងការខូចខាតដោយសារគ្រោះទឹកជំនន់ ក្នុងរយៈកាលកន្លងមក នៅភូមិសុខសាន្ត សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងប៉ោយប៉ែត។ ក្នុងនោះក៏មានការចូលរួមពី ក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែតជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាតិ ខេត្ត ពិសេសឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលតែងតែគិតគូពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នា គ្រប់កាល:ទេសដោយលោកបានផ្សាភ្ជាប់សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់លោក។

ក្នុងនាម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត, លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបន្តចូលរួមថែរក្សាសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានមានរីកចម្រើនកាន់តែឆាប់រហ័ស និងសំណូមពរពលរដ្ឋបន្តថែរក្សាសុខភាព បន្តចូលរួមឲ្យបានសកម្មបង្ការរោគរាតត្បាតកូវីដ-១៩ និងបញ្ហាគ្រឿងញៀន នៅសហគមន៍មូលដ្ឋាន។

គួរជម្រាបថា អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមានមាន ផ្ទះចាំចំការចំនួន៤ខ្នង និងអង្ករ មី ត្រីខ ទឹកត្រី ភួយ ទឹកសុទ្ធ និងគ្រាប់ពូជដំណាំជាច្រើនទៀតផងដែរ៕