(ភ្នំពេញ)៖ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ចាប់ផ្តើមដំណើរការរោងចក្រកិនថ្មរបស់ខ្លួននៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីផ្តត់ផ្គង់ថ្មសម្រាប់វិស័យសំណង់នៅកម្ពុជា។

លោក John Macaulay អ្នកគ្រប់គ្រងរោចក្រកិនថ្មរបស់ ជីប ម៉ុង អ៊ីនដាស្ទ្រីស បានបញ្ជាក់ថា រោងចក្រកិនថ្មនេះ ជារោងចក្រលំដាប់ពិភពលោក។

លោកបន្តថា រោងចក្រនេះបានបំពាក់គ្រឿងចក្រដ៏ទំនើប និងមានគុណភាពខ្ពស់បំផុត ដើម្បីធានាដល់ការកិនថ្មមានគុណភាពខ្ពស់ ត្រឹមត្រូវតាមទំហំដែលបានកំណត់ និងសុវត្ថិភាពខ្ពស់បំផុត។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាស៍ថា៖ «ការបោះជំហានទៅមុខឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង តួយ៉ាង ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលបានបន្ថែមនូវអាជីវកម្មថ្មីមួយបន្ថែមទៀតនាពេលនេះ គឺជាលទ្ធផលនៃការកំណត់ចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់របស់ក្រុមហ៊ុន ជីប ម៉ុង»

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេនៅកម្ពុជា ដោយមានផលិតផលដូចជា បេតុងលាយស្រេច ក្បឿង និង ទុយោ ដែលជាផលិតផលមានគុណភាពខ្ពស់ និងសុទ្ធតែទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពីគុណភាពទាំងអស់។

ចំណែកវត្តមាននៃរោងចក្រកិនថ្មរបស់ ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ នឹងជួយផ្គត់ផ្គង់សម្ភារៈសំណង់បន្ថែមទៀតដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា៕