(ភ្នំពេញ)៖ មន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯងម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន ក្រោយមន្ត្រីរូបនោះមានជម្លោះពេលក្នុងវង់ផឹកស៊ី រួចដកកាំភ្លើងប្រុងបាញ់សម្លាប់គូជម្លោះ ដែលជាមន្ត្រីនគរបាលដូចគ្នា និងជាមិត្តភក្តិគ្នា។

មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ការចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យជាមន្ត្រីនគរបាលរូបនេះ មានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍សង្កាត់ព្រែកឯង។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលដូចគ្នា។

មន្ត្រីនគរបាលជំនាញ បានឲ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២៖៣០នាទីយប់ ជនសង្ស័យ និងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើម ទៅឲ្យជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យ ក៏អោនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅឲ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើឲ្យជនសង្ស័យ និយាយថា ជនរងគ្រោះមើលងាយខ្លួន។

ក្រោយមកជនសង្ស័យ បានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារ មកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ។ ប៉ុន្តែ ពេលនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន។

ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ទើបកម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការតាមចាប់ខ្លួនជនសង្ស័យបានតែម្ដង។

បច្ចុប្បន្ន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ បានកំពុងសួរនាំនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕