(កំពត)៖ ជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយកាំភ្លើង AK បានចូល​ប្លន់ និងចាប់ចងម្ចាស់ផ្ទះដែលជាអ្នករកសីុលក់ផ្លែឈើ ស្ថិតនៅភូមិទួល ឃុំល្បើក ស្រុកឈូក ពោលនៅក្បែរផ្លូវលេខ៤១ ដោយយកទ្រព្យសម្បត្តិ​អស់មួយចំនួន មុនពេលពួកវា​រត់គេច​ខ្លួនបាត់ នៅយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៦នេះថា «ជនល្មើស៣នាក់ AK ១ដើម ជិះម៉ូតូ១គ្រឿង ទុកឃ្លាតពីផ្ទះជនរងគ្រោះប្រហែល៣០ម៉ែត្រ រួចហើយដើរចូលចងម្ចាស់ផ្ទះ ទុយ ឆេងហ៊ីម ភេទប្រុសអាយុ៥៨ឆ្នាំ និងឈ្មោះលន សារុំ ភេទ​ប្រុស អាយុ៤៩ឆ្នាំ អ្នកទាំងពីរ​នាក់​ រស់នៅភូមិកើតហេតុខាងលើ​ហើយជនរងគ្រោះ លន សារុំ ជាអ្នកជិតខាងមកលេងផ្ទះទុយ ឆេងហ៊ីម»

មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយចាប់ចងផ្ទះរួចក្រុមចោរបាន យកម៉ូតូវ៉េវ ពណ៌ខ្មៅ ស៊េរី2007 ផ្លាកលេខ ​ព្រះសីហនុ 1I-0057 (ម៉ូតូរបស់ លនសារុំ) និងម្ចាស់ផ្ទះអស់ទូរស័ពដៃ ១គ្រឿង និងលុយ​ប្រហែលជិត២០ម៉ឺនរៀល។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាល​ស្រុកឈូក បានចេញអម្តរាគមន៍ភ្លាមៗដែរ ប៉ុន្តែមិន​បានលទ្ធផលទេ។  បើតាមសមត្ថកិច្ច ក្រោយពីចោរចេញ ម្ចាស់ផ្ទះយក​ចំណងត្រ​ដុស​នឹងគ្រែ របូតវិញ រួចជួយស្រាយ​អ្នកដែលមក​អង្គុយលេង ហើយស្ថានភាពនៃ​ការលក់ដូរគឺតិចតួចណាស់ រីឯម៉ូតូក៏មានសាំងតិចតួច  តែយ៉ាងណាក៏នោះ កម្លាំងសមត្ថកិច្ច បាន​នឹងបន្តធ្វើ​ការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុម​ចោរប្លន់ទាំងនោះ៕