(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ក្រុង ស្រុក អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ និងបង្គោលតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា និងជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមការងារកងវិស្វកម្មធ្វើផ្លូវក្រវ៉ាត់ព្រំដែន។

ក្នុងការចុះពិនិត្យផ្លូវតាមក្រវ៉ាត់ព្រំដែន និងបង្គោលព្រំដែន ក្នុងភូមិសាស្រ្តក្នុងស្រុកពេជ្រាដា លោក ស្វាយ សំអ៊ាង បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋឲ្យបានល្អប្រសើរ ត្រូវការពាររដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាលស្របច្បាប់ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ទៅលើការថែរក្សាការពារបូរណៈភាពទឹកដី អធិបតេយ្យភាព។

លោកបន្ដថា ត្រូវបង្កើនការយកចិត្តទុកដាក់ បំផុសប្រជាពលរដ្ឋឲ្យយល់ដឹងពីច្បាប់ជាតិ អន្តរជាតិ ជាពិសេស ត្រូវបន្តការដោះស្រាយបញ្ហាផ្សេងៗ ដោយសន្តិវីធី ដើម្បីធ្វើយ៉ាងណាប្រែក្លាយ តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និការអភិវឌ្ឍ និងត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន ការបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសសបទល្មើសគ្រឿងញៀន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមការងារកងវិស្វកម្ម ត្រូវបន្តយកចិត្តទុកស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែនឲ្យបានរួចរាល់ ដើម្បីកំណត់ឲ្យបានច្បាស់លាស់រវាង ព្រំប្រទល់ជាប់ប្រទេសជិតខាង។

សូមជម្រាបថា ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ជាមួយវៀតណាម ប្រវែង៣១៤,៦៦៤គីឡូម៉ែត្រ ជាប់ជាមួយខេត្តដាក់ឡាក់ ដាក់ណុង និងខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតមកដល់ពេលនេះ មានខេត្តកម្ពុជាចំនួន៣ហើយ ត្រូវបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែន ក្នុងចំណោមខេត្តទាំង៩ ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។

លោកស្រី កុយ ពិសី បានបញ្ជាក់បន្ថែមថា ក្នុងចំណោមខេត្តទាំង៣ ដែលបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុងនេះ មានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ខណៈដែលខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។ កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែង ១,២៧០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលប្រទេសទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបានចំនួន៨៤ភាគរយហើយ។

ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម រយៈពេល២ថ្ងៃ៕