(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំគ្នានៅលាលាឃុំសឹង្ហ ស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ ទាំងអស់ឲ្យជួយសម្រួល តម្លៃស្រូវលើទីផ្សារឲ្យបានសមរម្យ ខណៈដែលប្រមូលផលបានហើយលក់បានថោក ដោយសារតែឈ្មួញទិញស្រូវក្នុងតម្លៃទាបមិនអាចទទួលយកបាន។

ប្រជាពលរដ្ឋបានលើកឡើងថា ឆ្នាំមុនស្រូវដែលល្អប្រភេទលេខ១ ដកម្លីស តម្លៃ ១,៣៣០,០០០រៀល ស្រូវប្រភេទលេខ២ តម្លៃ ១,០៦០,០០០រៀល នឹងអន់ជាងគេ ក៏បាន ៩៣១,០០០រៀល ក្នុង១តោន ប៉ុន្តែឆ្នាំនេះថោកជាងឆ្នាំមុន ដែលមិនអាចទទួលយកបាន ដោយឈ្មួញកណ្ដាលទិញក្នុងតម្លៃថោក ដោយស្រូវប្រភេទលេខ១ ទិញក្នុងតម្លៃ ១,០៦០,០០០រៀល រហូតធ្លាក់មកត្រឹម ៩៣១,០០០រៀលតែប៉ុណ្ណោះ។

ពួកគាត់បន្តថា ដោយឡែកសម្រាប់ឈ្នួលថ្លៃច្រូតស្រូវឆ្នាំនេះ ក៏ថ្លៃជាងឆ្នាំមុនដែរ ហើយអត់មានម៉ាស៊ីនច្រូតទៀត ធ្វើឲ្យពួកគាត់មានការពិបាកទោះជាឆ្នាំនេះ គុណភាពស្រូវ មានការអន់ជាងឆ្នាំមុន ក៏ពិតមែន ដោយសារទឹកលិច ប៉ុន្តែគួរតែឲ្យតម្លៃឲ្យបានសមរម្យ យ៉ាងអន់ស្រូវប្រភេទលេខ១ ក៏បានត្រឹម៩ពាន់បាត (ប្រាក់ថៃ)ដែរ ក្នុង១តោន ឱ្យសាកសមទៅនឹងការខិតខំដាំដុះនិងចំណាយ ដោយមួយឆ្នាំចំណាយទៅលើកម្លាំងពលកម្ម ការទិញនិងជួលសម្ភារៈផ្សេងៗដូចជា ថ្លៃភ្ជួរ, ជី, ម៉ាស៊ីនច្រូត, ថ្លៃដឹកជញ្ជូន ថ្លៃហើយសង្ឃឹមថាលក់ស្រូវនឹងមានលុយសងគេ បែរជាស្រូវបានផល ហើយលក់ ក្នុងតម្លៃទាបបែបនេះតើមានលុយឯណាសម្រាប់សងគេ ពីព្រោះការដាំដុះសុទ្ធ តែយកប្រាក់ពីធនាគារ និងអង្គការនានាទាំងអស់។

ជាមួយគ្នានេះដែរ ពួកគាត់បានស្នើសុំក្រសួង មន្ទីរពាក់ព័ន្ធជួយសម្រួលរកទីផ្សារ ជូនដល់ពួកគាត់ឱ្យបានតម្លៃសមរម្យ ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករដែលបានខិតខំ ដាំដុះរហូតទទួលបានផល។ ជាងនេះទៅទៀតពួកគាត់បានត្អូចត្អែថា ក្នុងអំឡុងនៃការផ្ទុះឡើងនៃជំងឺឆ្លងកូវីដ១៩ រហូតមកដល់គ្រោះទឹកជំនន់ ថែមទៀតបាន ធ្វើឲ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ពិសេសក្នុងការដាំដុះនឹងប្រមូល ផលនៅពេលបានផលហើយ បែរជាលក់ក្នុងតម្លៃទាបទៀត។

ពាក់ព័ន្ធបញ្ហា នេះដែរបើតាមឈ្មួញដែលកំពុងដើរទិញបានឲ្យដឹងថា ពួកគាត់មិនមែនដំឡើងថ្លៃតាមអំពើចិត្តនោះទេ គឺខាងរោងម៉ាស៊ីនជាអ្នកកំណត់នៃការឡើង ឬចុះ និងចំនួនតោនដែលត្រូវនាំចូល ហើយរើសយកតែស្រូវល្អប្រភេទលេខ១ទៀត ចំពោះពួកគាត់បានកម្រៃក្បាលកាក់ដែលគេឲ្យតែប៉ុណ្ណោះ។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងតាមទូរសព្ទថា ពាក់ព័ន្ធទៅនឹងរឿងតម្លៃនេះ មន្ទីរបានត្រឹមតែខាងផលិតតែប៉ុណ្ណោះចំណែកខាងទីផ្សារ លោកមិនបានដឹងហើយក៏មិនដឹងធ្វើយ៉ាងមិចដែរ៕