(ភ្នំពេញ)៖ ជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូសេរីទំនើប៦គ្រឿង បានមកស្ទាក់ និងភ្ជង់ប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះ២នាក់ ដែលបម្រើការងារ នៅផ្សារទំនើបអ៉ីអន (AEON) បានសម្រេច ថែមទាំងវាយជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសទៀតផង ស្ថិតនៅក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៦នេះ។

យ៉ាងណាក៏ដោយករណីនេះ កម្លាំងនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ ហួត ចាន់យ៉ារ៉ាន់ បាន និងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបន្តសួរនាំជនរងគ្រោះ និងសាក្សីថាតើករណីនេះពិតជាករណីប្លន់ ឬផ្តើមចេញពីជម្លោះនៅកន្លែងណាមួយ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៦នេះថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ ជិះម៉ូតូម៉ាក Zoomer ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-1190 ចេញពីកន្លែងធ្វើការនៅផ្សារទំនើបអ៉ីអន ឆ្ពោះទៅហូបអី នៅខាងក្រោយវាំង រួចបន្តដំណើរទៅផ្ទះ លុះពេលជិះដល់ជិតសាលាស៊ីសុវត្ថិ ក៏លេចមុខជនសង្ស័យទាំងនេះ ជិះម៉ូតូ៣គ្រឿង មកស្ទាក់ភ្ជង់ និងវាយបណ្តាលរងរបួសម្នាក់ គឺអ្នកជិះពីក្រោយ រួចហើយពួកវា ក៏លើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅ។

ម្ចាស់​ម៉ូតូ​ឈ្មោះ គង់ សុភ​ក្ត្រា អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀតជិះពីក្រោយឈ្មោះ ឡេ​ង សេង​ហុង ​ជា​មិត្តភក្តិ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅសួរនាំភ្លាមៗ និងនាំទៅដាក់ពាក្យបណ្តឹង ដើម្បីបន្តការស្រាវជ្រាវតាមចាប់ក្រុមជនល្មើសទាំងនោះ៕

ប្លន់ទៀតហើយ ប្លន់ចំកណ្ដាលរាជធានីភ្នំពេញ នៅរាត្រីរំលងអធ្រាតឈានចូលថ្ងៃទី១១ ខែកុម្ភៈ, នៅជាប់របងវិទ្យាល័យ ព្រះស៊ីសុវត្ថិ បានដោយសុវត្ថិភាព។

Posted by Fresh News Photo on Wednesday, February 10, 2016