(កំពត)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះទៅសំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលបើកបរជំនាញ រថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី ខេត្តកំពត របស់កងពលតូចលេខ៧០។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានបញ្ជាក់ថា ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ តាមរយៈការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។

លោកមេបញ្ជាការ បានបន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជំរុញឲ្យយោធិន មានសមត្ថភាព និងគុណភាពហ្វឹនហ្វឺន បង្កើនសមត្ថភាពដល់កងទ័ពឲ្យបាន យល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុងការបញ្ជាបាញ់គ្រាប់ឲ្យបានល្អ និងចំគោលដៅ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារ គ្រឿង បំពាក់ត្រូវតាមលក្ខណៈបច្ចេកទេស ឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ច ដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទ ប្រកបដោយភាពទទួលខុសត្រូវជានិច្ច។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាពិសេសនាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ និងយកចិត្តទុកដល់កងកម្លាំង ក៏ដូចសិក្ខាកាម និងយោធាចារ្យទាំងអស់ ដែលបាននឹងកំពុងហ្វឹកហាត់រៀនសូត្រ។

ជាមួយគ្នានេះ លោកមេបញ្ជាការកងពល ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន មានដូចជា គ្រឿងឧបភោគបរិភោគ ព្រមទាំងភេសជ្ជ និងថវិកាផងដែរ៕