(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសរសេរលិខិតមួយថ្លែងអំណរគុណដល់ លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល (Laurence Baril) នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលបានផ្តល់ជូនកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងរូបសម្តេច ក៏ដូចជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា កាយវិការរបស់វិទ្យស្ថានប៉ាស្ទ័រកម្ពុជា ពិតជាបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់លោកស្រី វេជ្ជបណ្ឌិត ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះវិបត្តិសកលដែលពុំធ្លាប់មិនពីមុននេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ទោះបីជាករណីកូវីដ-១៩ កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ និងពិភពលោកក៏ដោយ ខ្ញុំជឿជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់លោកស្រី ប្រទេសកម្ពុជានឹងអាចឆ្លងផុតពីការគំរាមកំហែងរួមជាសកលនេះ»។

ជាថ្មីម្ដងទៀត តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអំណរគុណយ៉ាងស្មោះជូនចំពោះ លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង បារីល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការគាំទ្រឥតប្រែប្រួល ផ្តល់ជូនអាជ្ញាធរកម្ពុជាពាក់ព័ន្ធ ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសកលនេះ ដើម្បីសុខុមាលភាពរបស់ប្រជាជន កម្ពុជាទាំងមូល។

សូមជម្រាបថា នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានចេញសារណែនាំពិសេសពាក់ព័ន្ធការងារមួយចំនួន នៅក្នុងសង្គម បន្ទាប់ពីព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានបិទបញ្ចប់។

ក្នុងសារណែនាំនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការបើកសាលារៀនឡើងវិញ នៅសប្តាហ៍ក្រោយ, បើកពហុកីឡដ្ឋានជាតិឡើងវិញ, អនុញ្ញាតឱ្យមានការរៀបចំពិធីអាពាហ៍ពិពាហ៍ ក៏ដូចជាការបើកសារមន្ទីរ និងរោងភាពយន្តផងដែរ។

បើទោះបីអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញ នូវសកម្មភាពក្នុងសង្គមទាំងនេះឡើងវិញយ៉ាងណាក្តី តែសម្តេចតេជោ បានណែនាំឱ្យបន្តយកចិត្តទុកដាក់ ក្នុងការអនុវត្តន៍នូវវិធានការទាំងឡាយ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖