(ភ្នំពេញ)៖ បុរសម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរឿងយករថយន្ដ២គ្រឿងបិតផ្លូវ និងប្រមាថមន្ដ្រីរាជការសាធារណៈ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ភ្ញាក់ខ្លួនដឹងកំហុស និងសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តខុសទៅលើសមត្ថកិច្ច។

ក្នុងលិខិតសុំទោសដែលផ្ញើទៅកាន់រដ្ឋបាលខណ្ឌទួលគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បុគ្គលឈ្មោះ ជា លាង បានបញ្ជាក់ថា «ខ្ញុំបាទសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីចំពោះបងសមត្ថកិច្ច ដែលបានចុះអនុវត្ដច្បាប់ក្នុងការស្ទូចឡាន។ ដោយដឹងពីកំហុសឆ្គងកន្លងមក ខ្ញុំបាទសង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងការកើតហេតុ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មេត្តាយោគយល់អធ្យាស្រ័យដល់រូបខ្ញុំបាទ»

គួរជម្រាបថា អាជ្ញាធរខណ្ឌទួលគោក បានបញ្ជាក់ថា ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖៣០នាទីរសៀល ដោយកម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដោយមានការអនុញ្ញាត និងបញ្ជាផ្ទាល់មាត់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ពីលោក ទាវ សំអឿន អភិបាលរងខណ្ឌទួលគោក ដោយមានកិច្ចសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្ដែងពីបទ «ប្រឆាំងនឹងអ្នករាជការសារធារណ:» នៅចំណុចមុខផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើលការខុសត្រូវផ្ទះជួល ស្នាក់នៅផ្ទះលេខ២០៣ ផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការនោះ រឹបអូសរថយន្តចំនួន០២គ្រឿងម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 (ចាប់យកនៅកន្លែងកើតហេតុ)។

អាជ្ញាធររៀបរាប់ដំណើររឿង មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យដូច្នេះថា នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖០០នាទីរសៀល ជនសង្ស័យឈ្មោះ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្ដាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវមិនអាចធ្វើដំណើរបាន ក្រុមប្រតិបត្តិការបានធ្វើការណែនាំឲ្យម្ចាស់រថយន្តឈ្មោះ ជា លាង បើករថយន្តចេញពីទ្រូងផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរបាន ប៉ុន្តែឈ្មោះ ជា លាង បានបដិសេធមិនព្រមបើកឡានចេញទេ ពេលនោះក្រុមប្រតិបត្តិការបានយកខ្នោះចាក់កង់រថយន្ត ដើម្បីចាក់កង់រថយន្តត្រៀមលក្ខណៈស្ទូចរថយន្ត ចេញពីលើទ្រូងផ្លូវ តែត្រូវបានម្ចាស់រថយន្តឈ្មោះ ជា លាង ដណ្ដើមយកខ្នោះពីសមត្ថកិច្ច ដោយរារាំងមិនឲ្យចាក់កង់រថយន្ត ហើយយកខ្នោះកំទេចចោលបោះចូលទៅក្នុងផ្ទះរបស់ខ្លួន ពេលនោះសមត្ថកិច្ចក៏បានទៅហៅឈ្មោះ ជា លាង មកសួរនាំ ប៉ុន្តែត្រូវបានឈ្មោះ ជា លាង បានរុញច្រានសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ឈ្មោះ ជា លាង ក្នុងបទល្មើសជាក់ស្ដែង និងចាប់យករថយន្តចំនួន០២គ្រឿងខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្ដង៕