(ភ្នំពេញ)៖ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពីការប្រកាសបើកសាលារៀន និងបើកស្តាតអូឡាំពិក ឲ្យដំណើរការដូចធម្មតាវិញ បន្ទាប់ពីសម្រេចផ្អាក និងបិទជាបណ្តោះអាសន្ន ដោយសារព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់បណ្តាញព័ត៌មាន Fresh News។

ក្រៅពីការប្រកាសបើកសាលារៀន និងបើកស្តាតអូឡាំពិកឡើងវិញនោះ ក្រសួងអប់រំក៏នឹងលើកឡើងពីស្ថានភាពផ្សេងៗទៀត ពាក់ព័ន្ធវិស័យអប់រំនៅកម្ពុជាផងដែរ។

សូមជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ចូលសហគមន៍ ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ក្រសួងអប់រំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ។ ជាមួយគ្នានេះ ស្តាតអូឡាំពិក ក៏ត្រូវប្រកាសបិទជាបណ្តោះអាសន្នផងដែរ៕