(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារ ដែលជួបបញ្ហាជីវភាពលំបាករស់នៅមូលដ្ឋានស្រុកតាំងគោក បានទទួលអំណោយសប្បុរសធម៌ពីរដ្ឋបាលស្រុកភ្លាមៗទាន់ពេល ក្រោមការដឹកនាំសកម្មភាពដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិន ព្រមទាំងសហការីជាច្រើននាក់ទៀត។

សកម្មភាពនេះបានធ្វើឡើងចំនួនពីរថ្ងៃជាប់គ្នា ដោយនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត និងលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងព្រះគ្រូ ថៃ ប៊ុនថេន ព្រះចៅអធិការវត្តក្តីតាចិន និងសហការីបាននិមន្តចុះ និងចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ជនជរាសរុបចំនួន ២១ គ្រួសារ រស់នៅនៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក និងបានជូនអំណោយរបស់សប្បុរសជនជូនពួកគាត់ផងដែរ។

កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញ ព្រះសង្ឃ ថ្នាក់ដឹកនាំ និងក្រុមការងារខាងលើក៏បាននិមន្ត និងចុះសាកសួរសុខទុក្ខ ចែកជូនអំណោយរបស់សប្បុរសជនជូនប្រជាពលរដ្ឋចំនួន ១៣ គ្រួសារ នៅភូមិកំចាយមា ឃុំទ្រៀល ស្រុកតាំងគោក។

នៅថ្ងៃទី១៩ ខែវិច្ឆិកា ស្អែកនេះ លោកអភិបាលស្រុកបានបញ្ជាក់ថា លោកនឹងដឹកនាំក្រុមការងារបន្តបេសកកម្មចុះជួយប្រជាពលរដ្ឋដូចនេះទៀត នៅក្នុងមូលដ្ឋានស្រុកតាំងគោក។

គេសង្កេតឃើញថា ជារឿយៗ លោកអភិបាលស្រុក ហាក់ ម៉ុងហួត តែងតែចុះធ្វើសកម្មភាពសប្បុរសធម៌ បន្តបេសកកម្មចុះជួយប្រជាពលរដ្ឋ ក៏ដូចជាការសាកសួរសុខទុក្ខ និងចែកជូនអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋដែលជួបការលំបាកជាប្រចាំ ដែលទទួលបានការកោតសរសើរ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋលក្នុង-ក្រៅមូលដ្ឋាន។

ការបន្តសកម្មភាពដោយគ្មានការរាថយនេះ ពិតជាបានចូលរួមគោរពអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាតាមការជំរុញបន្ថែមរបស់លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលជាថ្នាក់លើក្រុមការងារ និងផ្នែករដ្ឋបាលរបស់លោក៕