(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជា ចូលរួមកិច្ចប្រជុំប្រមុខដឹកនាំមុខងារសាធារណៈអាស៊ាន និងកិច្ចប្រជុំប្រមុខដឹកនាំមុខងារសាធារណៈអាស៊ានបូកបី (ចិន កូរ៉េ ជប៉ុន) (20th Head of ACCSM និង 5th Head of ACCSM+3) តាមប្រព័ន្ធវីដេអូ រៀបចំដោយការិយាល័យ គណៈកម្មាធិការមុខងារសាធារណៈប្រទេសថៃ។

កិច្ចប្រជុំបានពិនិត្យការអនុវត្តផែនការការងារ ឆ្នាំ២០១៦ ដល់ ឆ្នាំ២០២០ ដោយវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ប្រទេសជាសមាជិក ក្នុង ផ្នែកនៃការអភិវឌ្ឍក្របខណ្ឌការងារផ្អែកលើសមត្ថភាពមន្ត្រី ការកសាងសមត្ថភាពស្ថាប័ន ការពង្រឹងភាពជាអ្នកដឹកនាំ ការពង្រឹងតួនាទីរបស់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ានរបស់ប្រទេសជាសមាជិក និងការកែទម្រង់វិស័យសាធារណៈ។

កិច្ចប្រជុំក៏បានទទួលស្គាល់ចំពោះ លទ្ធផលល្អ នៃ ការអនុវត្តសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍អាស៊ានពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងបានផ្តល់សារៈសំខាន់រួមគ្នាចំពោះការធ្វើទំនើបកម្មមុខងារសាធារណៈអាស៊ាន តាមរយៈរដ្ឋាភិបាល អេឡិកត្រូនិក (E-government) និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិកត្រូនិក (E-Service)។

ក្នុងពេលកន្លងមក កម្ពុជាក៏បានដឹកនាំរៀបចំឯកសារគោលការណ៍ណែនាំរបស់អាស៊ានស្តីពីការផ្តល់សេវាសាធារណៈ ដែលជាឯកសារយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍយន្តការនៃការផ្តល់សេវាសាធារណៈរបស់ប្រទេសសមាជិកអាស៊ាន។ ឯកសារនេះ ត្រូវបានទទួលស្គាល់ក្នុងកិច្ច ប្រជុំ កំពូល អាស៊ានលើកទី៣៧ នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។

ទន្ទឹមនេះ កិច្ចប្រជុំបានអនុម័តផែនការសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យមុខងារសាធារណៈ ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៥ និងផែនការសកម្មភាពក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យមុខងារសាធារណៈបូកបី (ចិន កូរ៉េ ជប៉ុន) ឆ្នាំ២០២០១ ដល់ ឆ្នាំ២០២៥។

កម្ពុជាបានលើកឡើងគម្រោងចំនួន០៥ រួមមាន៖ (១). ទស្សនកិច្ចសិក្សាស្តីពីការផ្តល់សេវាសាធារណៈនៅប្រទេស ចិន និង កូរ៉េ ,(២). ការ អភិវឌ្ឍមជ្ឈមណ្ឌលអាស៊ានបូកបីស្តីពីការស្រាវជ្រាវនិងនវានុវត្តន៍, (៣). សិក្ខាសាលា ស្តីពីភាព ជា អ្នក ដឹក នាំ សម្រាប់ ការកែទម្រង់ , (៤). សិក្ខាសាលាស្តីពីឌីជីថលនីយកម្មក្នុងរដ្ឋបាលសាធារណៈ និង (៥). វេទិកា អាស៊ាន បូក បីស្តីពីការផ្តល់សេវាសាធារណៈ។

ប្រមុខមុខងារសាធារណៈ អាស៊ាន ក៏បានឯកភាព ចំពោះការបន្តពង្រឹងបណ្តាញស្ថាប័នបណ្តុះបណ្តាលរដ្ឋបាលសាធារណៈរបស់អាស៊ាន ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ នៃប្រទេសសមាជិកអាស៊ាន។

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី បានធ្វើការផ្លាស់ប្តូរទស្សនៈ ពាក់ពា័ន្ធនឹងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។

លោក ព្រុំ សុខា បានលើកឡើង អំពី យុទ្ធសាស្រ្ត ជាតិ និង វិធានការណ៍ មួយចំនួនក្នុងវិស័យមុខងារសាធារណៈ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានជាអាទិ៍៖ រក្សា ប្រាក់បៀវត្សរ៍មន្រ្តីរាជការ ការផ្អាកការជ្រើសរើសមន្រ្តីរាជការ ក្របខណ្ឌថ្មីក្នុងឆ្នាំ២០២០ ដើម្បីជួយសន្សំថវិកាជាតិ ការរៀបចំរបៀបនៃការបំពេញការងាររបស់មន្ត្រី ការរក្សាប្រក្រតីភាពនៃដំណើរការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយគោរពតាមវិធាន ការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល។

ចំពោះក្របខណ្ឌតំបន់ លោករដ្ឋមន្រ្តីបានស្នើឱ្យអាស៊ានគួរតែបន្តការផ្លាស់ប្តូរព័ត៌មានជាមួយប្រទេសសមាជិកអាស៊ាន ចិន កូរ៉េ និងជប៉ុន ទាក់ទងទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ហើយអាស៊ានគួរបន្តជួយ ប្រទេសជាសមាជិក តាមរយៈជំនួយមនុស្សធម៌ផ្អែកលើលទ្ធភាពជាក់ស្តែង ដោយកម្ពុជាថ្មីៗនេះបានផ្តល់ ម៉ាស់ ចំនួន ជាង ២លាន និងឧបករណ៍សុខាភិបាលមួយចំនួនទៀតដល់ប្រទេសឡាវផងដែរ។

ប្រទេសសមាជិកទាំងអស់ បានវាយតម្លៃខ្ពស់និងមានមោទនភាពចំពោះកិច្ចប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី លើវិស័យមុខងារសាធារណៈ ទោះជាស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។

កិច្ចប្រជុំនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កានិងផលិតភាពខ្ពស់ ផ្អែកលើស្មារតីជាប្រពៃណីនៃកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអាស៊ាន៕