(បន្ទាយមានជ័យ)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថដែលបម្រើការងារនៅក្នុងខេត្តបន្ទាយមានជ័យទាំង ៩ក្រុងស្រុក បានទទួលអំណោយអាវរងាម្នាក់១ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចែកអាវរងាដល់កម្លាំងអាវុធហត្ថនោះ លោក បោន ប៊ិន បានផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថទាំង ៩ក្រុងស្រុកទាំងអស់ត្រូវពង្រឹងការងារគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ សម្រាប់បម្រើការងារប្រតិបត្តិការ ក្នុងនោះត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជនជាដើម។

ក្នុងនោះ លោកបានចាត់តាំងជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗ និងត្រូវចុះត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះជាប្រចាំ និងត្រូវបង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមមូលដ្ឋានក្រុង ស្រុកដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋជាដើម។

ក្នុងនោះលោក បោន ប៊ិន បានឲ្យកម្លាំងអាវុធហត្ថទាំង៩ស្រុកក្រុង ត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ និងនៅតាមបណ្ដាអង្គភាពអាវុធហត្ថនីមួយៗ ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញ ដូចជាការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃយកមកផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដើម។

កម្លាំងអង្គភាពត្រូវបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ហើយត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំរបស់ក្រសួងការពារជាតិ៕,