(ព្រះវិហារ)៖ លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អមដំណើរដោយលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មកម្មខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសិក្សាពីសក្តានុពល និងសកម្មភាពការអនុវត្តកសិកម្មតាមកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ របស់សហគមន៍កសិកម្មភ្នំពេជ្របុរី ស្ថិតនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងនាមក្រសួងកសិកម្ម, លោក គុយ ម៉ារិនឌី បានអបអរសារទរ និងសប្បាយរីករាយជាមួយបងប្អូនប្រជាសហគមន៍របស់យើង ដែលឆ្លងកាត់ការតស៊ូមួយរយៈពេលកន្លងមកនេះ រហូតទទួល បានជោគជ័យជួយជំរុញជីវភាពគ្រួសារឲ្យកាន់តែសំបូរសប្បាយ ស្របតាមការចង់បាននិងបំណងប្រាថ្ឋារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរបស់យើង។

លោក គុយ ម៉ារិនឌី បានថ្លែងទៀតថា «ភាពជោគជយ័របស់បងប្អូនប្រជាកសិករយើង បានកើតឡើងដោយសារការកំណត់គោលដៅច្បាស់លាស់របស់យើង។ គោលដៅច្បាស់លាស់ របស់បងប្អូនប្រជាកសិករ គឺការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គជូនក្រុមហ៊ុន ដែលការចុះកិច្ចសន្យានេះ គឺមានសារសំខាន់ខ្លាំងណាស់ ព្រោះធ្វើឲ្យភាគីអ្នកលក់ និងអ្នកទិញមិនអាចកែប្រែបាន។ ឧទាហរណ៍ស្រូវដែលយើងបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុន តម្លៃណាមួយក៏ដោយ មិនអាចប្រែប្រួលបានឡើយ ទោះបីតម្លៃនៅលើទីផ្យារមានការឡើងចុះក៍ដោយ។

ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម បានថ្លែងថា នៅទូទាំងខេត្តព្រះវិហារក្នុងឆ្នាំ២០២០នេះ មានសហគមន៍កសិកម្មសរុបចំនួន៣៣ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ជូនក្រុមហ៊ុនឯកជនចំនួន៤ ស្មើនិងបរិមាណស្រូវសរុប២២១៩៥តោន។

លោកប្រធានមន្ទីរក៏បានអរគុណដល់ប្រជាសហគមន៍ទាំងអស់ក្នុងខេត្តព្រះវិហារ ដែលមានភាពស្មោះត្រង់ក្នុងការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ បានយ៉ាងល្អជូនក្រុមហ៊ុនស្របតាមកិច្ចសន្យា ដែលករណីនេះលោករំពឹងថា នៅឆ្នាំ២០២១ខាងមុខនេះ ក្រុមហ៊ុនទាំងអស់ដែល បានចុះកិច្ចសន្យានឹងបង្កើនការទិញស្រូវពីប្រជាសហគមន៍លើសឆ្នាំ២០២០មិនខាន៕