(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានលើកឡើងថា បើថ្នាក់ដឹកនាំខ្លាំងទាល់តែមន្ត្រីថ្នាក់ក្រោមខ្លាំងមិនអាចយើងខ្លាំងតែឯងបានទេ។ 

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកងកម្លាំងនគរបាលស្រុកបារាយណ៍ និងស្រុកតាំងគោកជិត ៣០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបន្តថា ទោះបីជាស្ថានភាពបទល្មើសមានការថយចុះក៏ដោយ តែមន្ត្រីនគរបាលត្រូវមានការសាមគ្គីភាពឯកភាពផ្ទៃក្នុងគោរពតួនាទីភារកិច្ច តាមឋានានុក្រម មានវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារណៈសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយជំរុញការផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដល់មូលដ្ឋាននានាឱ្យចំគោលដៅស៊ីជម្រៅដើម្បីទទួលបាន ប្រសិទ្ធភាពខ្ពស់។

លោក ម៉ែន លី បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ដែលចូលរួមទីនេះទៅដល់មូលដ្ឋានវិញ ត្រូវចេះសហការគ្នាអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យអង្គភាពរបស់ខ្លួនមានការរីកចម្រើន ត្រូវចេះជួយការពារប្រជាពលរដ្ឋរាល់ការលំបាកសុខទុក្ខរបស់គាត់ចុះតាមដានជាប្រចាំនៅតាមភូមិឃុំចុះផ្សព្វផ្សាយពីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ពិសេសបញ្ហាគ្រឿងញៀនគ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិនិងបទល្មើសផ្សេងៗហើយត្រូវសហការជាមួយអាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋដែលនៅក្នុងតំបន់ មូលដ្ឋានជំរុញ និងលើកទឹកចិត្តនូវអ្វីដែលកងកម្លាំងខិតខំប្រឹងប្រែង។ កម្លាំងទាំងអស់ត្រូវពង្រឹងជំនាញ និងចុះផ្សព្វផ្សាយពីគោលការណ៍ច្បាប់ឲ្យបានញឹកញាប់ដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានជំរុញថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារ ត្រូវធ្វើយ៉ាងណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុសត្រូវ សម្រាប់ការអនុវត្តតាមតួនាទីនិងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ពិសេសការងារដែលបញ្ជារពីស្នងការដ្ឋាននគរបាលខេត្តដល់ប៉ុស្តិ៍នគរបាលក្នុងការទទួលខុសត្រូវ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា មានការសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងអង្គភាពផ្ទៃក្នុង ក្នុងនោះមន្ត្រីត្រូវសិក្សារៀនសូត្របន្ថែម ដូចពាក្យមួយលើកឡើងថាបើល្ងង់ត្រូវព្យាយាមសិក្សារៀនសូត្រគង់តែក្លាយជាមនុស្សពូកែ៕