(ព្រះវិហារ)៖ ពូជបន្លែសរុបចំនួន៦ប្រភេទ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម ត្រូវបានយកទៅចែកជូនបងប្អូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ដើម្បីធ្វើការស្តារដាំដុះឡើងវិញ ក្រោយទឹកជំនន់បានស្រកចុះជាបន្តបន្ទាប់នៅក្នុងខេត្តព្រះវិហារ។

រយៈពេល ២ថ្ងៃជាប់គ្នា ពោលចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក គុយ ម៉ារិនឌី រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងលោក វេង សាខុន រដ្ឋមន្ត្រី អមដំណើរដោយលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកពូជបន្លែ៦ប្រភេទ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលចែកជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកជយ័សែន ស្រុករវៀង ស្រុកសង្គមថ្មី ស្រុកគលែន និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីធ្វើការស្តារដាំដុះឡើងវិញ។

រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គិតគូរខ្លាំងណាស់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ យើង ដែលការគិតគូររបស់សម្តេចតេជោ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល មិនមែនតែពេលនេះទេ និយាយរួមគឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកម្ល៉េះ ពោលគឺសម្តេចតែងនៅជាប់ជាមួយ ប្រជាពលរដ្ឋគ្រប់កាលះទេសះ។

លោក គុយ ម៉ារិនឌី បានថ្លែងបញ្ជាក់ថា ជាក់ស្តែងក្រោយទឹកជំនន់បានស្រក ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជា ដល់ក្រសួងពាក់ព័ន្ធចំនួន៤ និងអាជ្ញាធររាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ ត្រូវចុះសិក្សាវាយតម្លៃភ្លាមៗនូវហេដ្ឋារចនាសម្ពន្ធ័ ផលដំណាំប្រជាកសិករ ដែលរងគ្រោះ និងខូចខាតដោយ ទឹកជំនន់ ដើម្បីធ្វើការស្តារផ្តល់ជូន និងជួសជុលឡើងវិញឲ្យទាន់ពេលវលា។

ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្រសួងកសិកម្ម ក្រោមការដឹកនាំរបស់លោក វេង សាខុន ជារដ្ឋមន្ត្រី បានចាត់តាំងក្រុមការងារក្រសួង ចុះពិនិត្យវាយតម្លៃភ្លាមៗ ពីផលប៉ះពាល់ដោយទឹកជំនន់ដល់វិស័យកសិកម្មតាមបណ្តារាជធានី-ខេត្តនានា ក្នុងទិសដៅធ្វើការប្រមូលទិន្នន័យដើម្បីស្នើរសុំទៅក្រសួងកសិកម្ម ដើម្បីជួយប្រជាកសិករឡើងវិញ ក្រោយទឹកជំនន់បានស្រកចុះ។

ជាមួយគ្នានេះលោក គុយ ម៉ារិនឌី បានថ្លែងអំណរគុណប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលមួយរយៈពេលនេះបានសហការយ៉ាងជិតស្និទ ជាមួយក្រសួងកសិកម្ម ក្នុងការចុះត្រួតពិនិត្យវាយតម្លៃពីផលប៉ះពាល់ដោយទឹកជំនន់ដល់ស្រែចំការ និងសត្វពាហៈនៈរបស់ប្រជាពលរដ្ឋ។

លោកក៏បានណែនាំឲ្យប្រជាកសិករយើង ដែលទទួលបានគ្រាប់ពូជបន្លែនៅពេលនេះ ត្រូវប្រញាប់យកទៅដាំដុះស្តារឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ លោកក៏បានណែនាំឲ្យប្រជាកសិករ ត្រូវរក្សាអនាម័យជានិច្ច ក្នុងការរស់នៅដើម្បីការពារពីជំងឺផ្សេងៗ ពិសេសត្រូវបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺកូវីដ១៩៕