(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនទៀង បានផ្តាំសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសូមគោរពជូនពរសម្តេចតេជោ ទទួលបានជោគជ័យក្នុងការធ្វើចត្តាឡីស័ក។

ការគោរពជូនពររបស់ឯកអគ្គរដ្ឋទូតចិន ធ្វើឡើងក្នុងឱកាសជួបសម្ដែងការគួរសម និងប្រគល់ម៉ូតូចំនួន២គ្រឿង ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលអមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាស្ថានទូតចិនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលជាមិត្តដែកថែប សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានបញ្ជាក់កាន់តែច្បាស់ អំពីដំណើរឈានទៅសម្រេចបានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កម្ពុជា-ចិន បាននិងកំពុងកាន់ដៃគ្នា ស្មាប្រកៀកស្មា ឈរយ៉ាងរឹងមាំ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបន្តនិរន្តរភាពសង្គមសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជា ពិភពលោកទាំងមូល។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក វ៉ាង វិនទៀន ឯកអគ្គ រដ្ឋទូតវិសាម័ញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែឧបត្ថម្ភគាំទ្រកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល។

សូមជម្រាបថា ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានជម្រាបជូនសមភាគីមិត្តចិន អំពីស្ថានភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសការគ្រប់គ្រងព្រឹត្តិការណ៍៣វិច្ឆិកាផងដែរ៕