(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ពូជស្រូវស្រាលមិនប្រកាន់រដូវជាង ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបានចែកជូនប្រជាកសិករដាំដុះឡើងវិញ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។

ក្នុងលិខិតថ្លែងអំណរគុណផ្ញើជូនលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក វេង សាខុន បានឱ្យដឹងថា ពូជស្រូវស្រាលបានចែកជូនប្រជាពលរដ្ឋ ៦៤,៣៤៣គ្រួសារ និងពូជដាំណាំចែកជូនពលរដ្ឋបាន ៩៣,០៤១គ្រួសារនៅក្នុងបណ្ដារាជធានី-ខេត្តចំនួន២០ ដែលរងគ្រោះដោយទឹកជំនន់។

នៅក្នុងលិខិតថ្លែងអំណរគុណនេះ លោក វេង សាខុន បានគូសរំលេចពីការជួយអន្តរាគមន៍ និងសម្របសម្រួលយ៉ាងសកម្មរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម ធ្វើឱ្យប្រតិបត្តិការចែកពូជស្រូវ និងដំណាំផ្សេង ដើម្បីស្តារឡើងវិញនូវការដាំដុះរបស់កសិករទទួលបានជោគជ័យ និងទាន់ពេលវេលា។

លោក វេង សាខុន បានគូសបញ្ជាក់ដូច្នេះថា «ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី បានសហការយ៉ាងជិតស្និទ្ធ ជួយជ្រោមជ្រែងសម្របសម្រួល និងផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសចុះសិក្សាពីផលប៉ះពាល់ ការខូចខាត ពិនិត្យលទ្ធភាពស្តារឡើងវិញ និងចាត់ចែងជួយអន្តរាគមន៍ ផ្តល់គ្រាប់ពូជដំណាំដល់ប្រជាកសិករដែលទទួលរងគ្រោះដោយសារទឹកជំនន់ឱ្យបានទាន់ពេលវេលា ស្របតាមរដូវកាល ដាំដុះប្រកបដោយភាពកក់ក្តៅយ៉ាងក្រៃលែង»

លោករដ្ឋមន្ត្រីកសិកម្មបន្ថែមថា «ការលើកទឹកចិត្ត និងគាំទ្រគ្រប់បែបយ៉ាងពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី ព្រមទាំងមានកិច្ចសហការល្អប្រសើរពីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺជាត្រីវិស័យជួយតម្រង់ទិសប្រកបដោយប្រសិទ្ធភាពក្នុងការជួយជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចអន្តរាគមន៍ផ្តល់គ្រាប់ពូជដំណាំឆ្នាំ២០២០នេះ ប្រកបដោយជោគជ័យ»

លោក វេង សាខុន បានលើកឡើងទៀតថា ជំនួយអន្តរាគមន៍ចែកគ្រាប់ពូជដំណាំទាំងនេះ ពិតជាចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ផលិតកម្មកសិកម្ម និងកាត់បន្ថយការចំណាយរបស់ប្រជាកសិករក្នុង គ្រាដ៏លំបាកនៃគ្រោះមហន្តរាយធម្មជាតិនេះ។

សូមគូសបញ្ជាក់ថា រយៈពេលប្រមាណជា ១ខែ កន្លះនៃកំលុងពេលកម្ពុជាជួបគ្រោះបណ្តាលមកពីជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រោះមហន្តរាយ បានធ្វើសកម្មភាពឆ្លើយតបប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋចេញពីទឹកជំនន់ និងផ្គត់ផ្គង់ស្បៀងអាហារ ព្រមទាំងចាត់ចែងផ្តល់ពូជស្រូវ និងដំណាំផ្សេងៗស្តារឡើងវិញនូវការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកបានស្រកទៅវិញនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមសេនាធិការផ្ទាល់របស់សម្តេចតេជោលើការងារគ្រោះមហន្តរាយនេះ បានអនុវត្តន៍បទបញ្ជាសម្តេចតេជោយ៉ាងខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់ជាទីបំផុត ដើម្បីធ្វើប្រតិបត្តិការដោះស្រាយបញ្ហាលើសមរភូមិទឹកជំនន់នេះ។

បើទោះបីឆ្អឹងប្រអប់ជើងមួយចំហៀងត្រូវរលាកពិបាកក្នុងការធ្វើដំណើរ ហើយត្រូវពេទ្យហាមមិនឱ្យដើរយ៉ាងណាក្តី តែក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋនោះ លោកទេសរដ្ឋមន្ត្រី បានចុះធ្វើប្រតិបត្តិការទៅកាន់គ្រប់គោលដៅទាំងជើងឈឺ ទាំងពឹងលើឈើរច្រត់ ដោយមិនមានត្អូញត្អែរនោះឡើយ។

ការអនុវត្តន៍ដ៏ខ្ជាប់ខ្ជួន និងម៉ឹងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន និងកម្លាំងសប្បុរសជននានា បានធ្វើឱ្យការឆ្លើយតបលើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះត្រូវបានគេមើលឃើញថា មានប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលាទាំងក្នុងពេលលិចលង់ និងការស្តារជីវភាពឡើងវិញ ក្រោយពេលទឹកបានស្រកទៅវិញ៕