(ភ្នំពេញ)៖ យោងតាមរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារអេស៊ីលីដា បានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២០នេះ ធនាគារដែលទើបឈានជើងចូលផ្សារភាគហ៊ុនមួយនេះ ទទួលបានប្រាក់ចំណេញជាង៩៨លានដុល្លារ បើទោះមានការរីករាលដាលជំងឺកូវីដ១៩ក្តី។

ប្រាក់ចំណេញនេះ មានកំណើនជាងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ខណៈឆ្នាំ២០២០ ដែលជាឆ្នាំសេដ្ឋកិច្ចកម្ពុជារងរបួសដោយកូវីដ១៩ ក៏ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា រំពឹងសម្រេចបានជាង១២០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ា អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាហិរញ្ញវត្ថុ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។

លោកស្រី ម៉ា អមរា បានបញ្ជាក់ទៀតថា មានមូលហេតុធំៗ២ ដែលធ្វើឲ្យប្រាក់ចំណេញរបស់អេស៊ីលីដា រក្សាបានកំណើនទោះបីស្ថិតក្នុងកាលៈទេសៈ ជួបការលំបាកដោយសារកូវីដ១៩, ទី១៖ ការសម្រួលរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី១២.៥%មកត្រឹម៧% ដែលធ្វើធនាគារមានលទ្ធភាពបង្កើនសាច់ប្រាក់ក្នុងដៃ សម្រាប់ផ្តល់កម្ចីដល់អតិថជន និងទី២៖ ធនាគារបានកាត់បន្ថយចំណាយ ប្រតិបត្តិការមួយចំនួនរបស់ខ្លួន ដែលធ្វើប្រាក់ចំណេញរក្សាបានកំណើន។

លោកស្រីបញ្ជាក់ថា «នៅឆ្នាំ២០២០នេះ ទោះបីជួបបញ្ហាកូវីដ១៩ក្តី ប្រាក់ចំណេញធនាគារអេស៊ីលីដា រំពឹងថានឹងកើនឡើងដល់ជាង១២០លានដុល្លារអាមេរិក លើសឆ្នាំ២០១៩ ដែលមានជាង១១០លានដុល្លារ»

ជាមួយគ្នានេះ បើតាមរបាយការណ៍ហិរញ្ញវត្ថុរបស់អេស៊ីលីដា បានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២០ ធនាគារនេះទទួលបានចំណូលជាង៣៨០លានដុល្លារ៕