(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពបណ្ណសម្គាល់សិទ្ធិកាន់ កាប់ប្រើប្រាស់ដីធ្លី ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ដែលមានចំនួន ៨៦៦បណ្ណស្មើនឹង៤៩៨គ្រួសារ។

ពិធីប្រគល់បណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ បានធ្វើឡើងក្រោមវត្តមានលោក ទុយ ប៊ុនសេរីរត្នមុនី្ន អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងកក់ករផងដែរ។

លោក ទុយ ប៊ុនសេរីរត្នមុន្នី បានឱ្យដឹងថា នេះជាដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងអ្នកកាន់កាប់ដីក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់អាស្រ័យផល និងមានសិទ្ធិចាត់ចែងបណ្ណកម្មសិទ្ធិនេះជាឯកសារគតិយុត្ត សម្រាប់ជាសំអាងនៅពេលមានជម្លោះដីធ្លី។

ជាមួយគ្នានេះដែរ លោកក៏បានកោតសរសើរដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរក្រុង-សង្កាត់ ដែលបានសហការបំពេញការងារប្រកបដោយប្រសិទ្ធិភាព ឈានដល់ការចែកបណ្ណ ការទទួលបានបណ្ណនាពេលនេះ ដើម្បីសរបញ្ជាក់ពីការបញ្ចប់នូវទំនាស់ដីធ្លី។

លោក ទុយ ប៊ុនសេរីរត្នមុន្នី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច ឬបាត់បង់ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែង ដើម្បីលើកស្ទួយជីវភាពរបស់បងប្អូនកាន់តែប្រសើរឡើង ស្របតាមជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់។

លោកបានបញ្ជាក់ថា បណ្ណកម្មសិទ្ធិ ដែលបានចែកជូននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់យើង, ត្រូបានការពារដោយច្បាប់ធានាដោយរដ្ឋ, ធានានូវសិទ្ឋរបស់យើងក្នុងការធ្វើជាម្ចាស់, អាចយកទៅប្រើប្រាស់សម្រាប់ដាក់ដាក់ធានាក្នុងការខ្ចីប្រាក់បាន, ជាឯកសារសំអាងនៅពេលមាជម្លោះដីធ្លី, ធ្វើឱ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជា លក់ ទិញ អំណោយ ឬបន្តមរតក និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត៕