(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំ បានបន្តវប្បធម៌ជួយគ្នា ក្នុងគ្រាលំបាក ជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជា កំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។

ដោយយោងទៅលើការមមាញឹក ក្នុងភារកិច្ចរាងៗខ្លួនផង និងជៀសវាងការប្រមូលផ្តុំគ្នាច្រើនផង អតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូកទាំងនេះ បានបំបែកគ្នាជាពីរក្រុម នាំយកសម្ភារ ភេសជ្ជ ផ្លែឈើ និងថវិកាទៅប្រគល់ជូន និងសួរសុខទុក្ខ អ្នកជំងឺ០២នាក់ផ្សេងគ្នា ដែលជាអតីតមិត្តរួមជំនាន់ និងអតីតគ្រូបង្រៀនពួកគេ កាលពីអំឡុងឆ្នាំ១៩៨០-១៩៨៩។

ការចែករំលែកជួយគ្នាថ្មីនេះ រួមមាន៖

ទី១៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមិត្តភក្ដិ ធ្លាប់រៀនជំនាន់ជាមួយគ្នា មួយចំនួនមានទាំងអតីតលោកគ្រូបង្រៀនគណិតវិទ្យាដ៏ល្បី នៅសាលាបាក់ទូក គឺលោកគ្រូ គំ ពិន រួមដំណើរជាមួយផង ចុះទៅសួរសុខទុក្ខអតីតមិត្តរួមជំនាន់សាលាបាក់ទូកឈ្មោះ លី សារុន ជាមន្ត្រីរាជការបម្រើការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួបឧបទ្ទវហេតុដួលបាក់ដៃ កំពុងសម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាល សម្ភពចំរើន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទី២៖ លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំមិត្តភក្ដិរួមជំនាន់ សាលាបាក់ទូកមួយចំនួន រួមទាំងមានវត្តមានចូលរួមពី អតីតលោកគ្រូ អ្នកគ្រូ នៅសាលាបាក់ទូកមួយចំនួនផង បានចុះសួរសុខទុក្ខអតីតអ្នកគ្រូ ភោគ សុទ្ធារី ដែលធ្លាប់បង្រៀនមុខវិទ្យាជីវៈវិជ្ជា នៅសាលាបាក់ទូក បានទទួលការវះកាត់ ដុំគីសក្នុងស្បូន សម្រាកនៅគ្លីនិកឯកជនមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារធំថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កាយវិការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិរបស់ អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់អស់រយៈពេលជាច្រើនឆ្នាំ មកហើយ តាមរយៈការចងក្រងជាក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsApp មានចំនួនជាង២០០នាក់ ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា និងជួយគ្នា ទៅវិញទៅមក។

ជាពិសេសរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា, ជូនដល់អតីត លោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នាក៏ដូចជាពេលពួកគាត់ជួបទុក្ខលំបាក និងបរិច្ចាគធនធានជួយគ្រប់មិត្តដែលមានអាសន្ន ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជាវប្បធម៌ សាមគ្គីភាពមួយ សម្រាប់ក្រុមពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក និងបង្កើតបានជា ពាក្យស្លោកប្រចាំក្រុមមួយថា «សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក»៕