(កំពត)៖ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ត្រូវបានលោក ជាវ តាយ អភិបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធ ចុះផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន១០០គ្រួសារ មកពីស្រុកស្រុកឈូក ៥០គ្រួសារ និងស្រុកជុំគីរី ៥០គ្រួសារ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវត្តអង្គឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត។

លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បន្តថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋ ពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ បញ្ហាសំខាន់ដែរនោះ សូមបងប្អូនត្រូវបង្កើនការយកចិត្តទុកដាក់ លើការងារបង្កបង្កើនផលបន្ថែមទៀត គឺដាំដុះចិញ្ចឹមសត្វរួមផ្សំ ដើម្បីធានាបាននូវសន្តិសុខស្បៀង ក្នុងគ្រួសារ និងសហគមន៍ ឲ្យបានកាន់តែប្រសើរឡើង។

អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នកម្ពុជាយើង ក្រោមចំណាត់ការដ៏ខ្ពង់ខ្ពស់យ៉ាងយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនមានការឆ្លងជំងឺកូវីដ១៩ ដល់សហគមន៍យើងឡើយ។

លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា ពិសេសការរស់នៅឲ្យមានសុវត្ថិភាពសង្គម មានអនាម័យល្អ ហូបស្អាត ផឹកស្អាត ដេកក្នុងមុងជានិច្ច។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវបង្កើនការ យកចិត្តទុកដាក់ចូលរួមជំរុញ អប់រំផ្សព្វផ្សាយ ឲ្យដល់គ្រួសារកូនចៅប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវចូលរួមអនុវត្តគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន។ ចៀសឲ្យផុតពីការចរាចរ និងប្រើប្រាស់គ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានល្អ ដើម្បីយើងរួមគ្នា ជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ ចំពោះបញ្ហានេះ ដែលបច្ចុប្បន្ន បាននិងកំពុងបង្កឱ្យមានជាផលវិបាកយ៉ាងធ្ងន់ធ្ងរ គឺការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងធនធានមនុស្សក្នុងសង្គមយើង ដែលរាជរដ្ឋាភិបាល បាននិងកំពុងព្រួយបារម្ភណ៍ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។

អំណោយដែលបានផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋ ទាំង១០០គ្រួសារនោះ រួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ស្ករស១គីឡូ និងថវិកាចំនួន២ម៉ឺនរៀល៕