(ហ្សឺណែវ, ស្វីស)៖ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានសម្តែងប្រតិកម្ម និងសោកស្តាយខ្លាំងចំពោះរបាយការណ៍ លោកស្រី សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស និងបានលើកឡើងថា ការវាយតម្លៃពីស្ថានការណ៍ណាមួយនៅកម្ពុជា ត្រូវផ្អែកលើមូលដ្ឋានច្បាប់ និងហេតុការណ៍ការណ៍ពិត។

ការប្រតិកម្មរបស់តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ បានកើតមានឡើងបន្ទាប់ពីលោកស្រី Mary Lawlor នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពី ស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍នេះលោកស្រី បានបង្ហាញក្តីព្រួយបារម្ភចំពោះចំណាត់ការផ្លូវច្បាប់លើក្រុមអ្នកការពារសិទ្ធិមនុស្ស ហើយក៏បានគូសរំលេចពីការចាប់ខ្លួនមនុស្សមួយចំនួនរួមទាំងលោក រ៉ុង ឈុន ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍តបនឹងការលើកនេះ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយតម្លៃលើប្រទេសមួយ ដែលអាចជឿជាក់បាន លុះត្រាតែផ្អែកលើបរិបទច្បាប់ និងហេតុការណ៍ពិតនៅនឹងកន្លែង ជាមួយប្រភពព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ និងទស្សនៈវិស័យរួម។

ក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា លោក អាន សុខខឿន បានសម្តែងការសោកស្តាយចំពោះរបាយការណ៍របស់លោកស្រី Mary Lawlor។ តំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានគូសរំលេចថា របាយការណ៍របស់លោកស្រី Lawlor ពុំបានគោរពឱ្យបានម៉ត់ចត់ទៅតាមនីតិវិធី និងវិជ្ជាជីវៈមិនលម្អៀងក្នុងតួនាទីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។

លោក អាន សុខខឿន បានលើកឡើងថា លោកស្រីមិនបានផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន ជាមួយប្រភពរដ្ឋាភិបាលទេ។ បើពិនិត្យមើលឱ្យកាន់តែច្បាស់ សេចក្ដីថ្លែងការណ៍របស់លោកស្រីមានភាពលម្អៀង ជ្រើសរើសតែមួយជ្រុង និងធ្វើឱ្យមានការខូចខាត។

តំណាងរបស់កម្ពុជារូបនេះបន្ថែមថា លោកស្រីសាស្ត្រាចារ្យ Lawlor ពុំដែលបាននិយាយទាល់តែសោះថា ការអនុវត្តសេរីភាព នៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណី កិច្ច ការទទួលខុសត្រូវ និងការរឹតត្បិតពិសេសដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុង មាត្រា២៩ (២) នៃសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា១៩ (៣) មាត្រា២១ និង មាត្រា២២ (២) នៃកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋនិងនយោបាយ។

«វាជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា រួមទាំងអ្នកដែលគេហៅថា [អ្នកការពារសិទ្ធិមនុស្ស] ផងដែរ ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ នៅក្នុងព្រំដែននៃច្បាប់។ ទីបំផុតមើលទៅហាក់ដូចជា លោកស្រីសាស្ត្រាចារ្យ ពុំត្រូវបានគេជូនព័ត៌មានឱ្យបានពេញលេញអំពីការអនុវត្តសិទ្ធនិងសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ដែលត្រូវឱ្យស្របទៅតាមច្បាប់ ដូចមានចែងក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា»។ នេះជាការគូសបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍របស់លោក អាន សុខខឿន។

លោកបន្ថែមថា «ការប្រមូលផ្ដុំដោយសន្តិវិធីដែលសហការជាមួយអាជ្ញាធរ និងប្រកាន់ខ្ជាប់នូវវិធានការសន្តិសុខនិងសុវត្ថិភាព គឺជាការអនុវត្ត សេរីភាព ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមច្បាប់។ ផ្ទុយទៅវិញ ការប្រមូលផ្ដុំ ក្នុង គោលបំណងដាក់សម្ពាធលើប្រព័ន្ធតុលាការ គឺជាបទល្មើស ដែលមានចែងក្នុងមាត្រា៥២២ នៃ ក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា»

តាមរយៈសេចក្តីថ្លែងការណ៍នេះ លោក អាន សុខខឿន បានរំលឹកអ្នករាយការណ៍ពិសេសថា ការចូលរួមជាមួយគណបក្សនយោបាយ ឬ អង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ បទល្មើសដែលមានចែងក្នុងច្បាប់ គឺជាបទល្មើស ហើយគេមិនអាចប្រើប្រាស់សកម្មភាពខុសច្បាប់នោះ ជាទឡ្ហីករណ៍សម្រាប់បុព្វហេតុផ្សេងណាមួយនោះទេ។

បើទោះបីជាយ៉ាងណាតំណាងរបស់កម្ពុជានៅអង្គការសហប្រជាជាតិរូបនេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តបន្តធានាការអនុវត្តសិទ្ធិនិងសេរីភាពទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍របស់ពលរដ្ឋទាំងអស់ដែលគោរព ច្បាប់ មិនមែនសម្រាប់តែក្រុមជាក់លាក់ណាមួយនោះឡើយ៕