(បាត់ដំបង)៖ បន្ទាប់ពីមានការណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងរួចមក, លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាល ចំនួន២០០នាក់ និងរថយន្តចំនួន៥គ្រឿង ដោយបែងចែកខ្លះចុះរើសំរាម និងខ្លះទៀតចុះលាងសម្អាតនៅតាមស្ពាន និងដងផ្លូវនានាក្នុងក្រុងបាត់ដំបង បន្ទាប់ពីរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ កន្លងមកដើម្បីរក្សាសម្អាតអនាម័យ ទីក្រុងស្អាត។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន បានបញ្ជាក់ថា កម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលតាមក្រុងស្រុង បានចុះជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ កាលពីខែតុលាកន្លងទៅផងដែរ។

លោកថា កម្លាំងរបស់លោកក្រៅពីកិច្ចការជំនាញជាកងកម្លាំង លោកតែងតែជួយធ្វើកិច្វការសង្គមជាច្រើនទៀតនៅក្នុងខេត្ត ជាក់ស្តែងថ្ងៃនេះ លោកបាដឹកនាំកម្លាំងចំនួន២០០នាក់ ដោយបានបែង ចែកជា២ក្រុម គឺក្រុមដើររើសំរាមតាមដងផ្លូវ និងក្រុម១ទៀត បានប្រើរថយន្តទឹកចំនួន៥គ្រឿង ជាក្រុមបាញ់លាងសម្អាតនៅតាមស្ពាន ផ្លូវថ្នល់ មួយចំនួននៅក្នុងក្រុងបាត់ដំបង ចំណែកផ្លូវមួយចំនួនទៀត ក្រោយពីមានការជួសជុលហើយបន្ទាប់ពីខូចខាតដោយទឹកជំនន់នោះ លោកនឹងបន្តដឹកនាំកម្លាំងចុះសម្អាតបរិស្ថាន អនាម័យល្អ ទីក្រុងស្អាត។

លោកស្នងការ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅតាមផ្ទះល្វែងនានាក្នុងក្រុងបាត់ដំបង ថាសូមនាំគ្នាវេចខ្ចប់សម្រាមប្រចាំថ្ងៃរបស់ខ្លួន យកទៅដាក់ធុងសំរាមនៅតាមគោលដៅ ដែលរដ្ឋបាល ក្រុងបាត់ដំបង បានរៀបចំទុកជូនបងប្អូនជាស្រេចហើយនោះ ដើម្បីមានរបៀបរៀបរយបានល្អ និងមានអនាម័យបរិស្ថាន ប្រកបទីក្រុងស្អាតផងដែរ៕