(ប៉ៃលិន)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោគ ដល់បងប្អូនជនរងគ្រោះដោយសារមីន/គ្រាប់ និងអតីតយុទ្ធជនចំនួន៥០០គ្រួសារ នៅខេត្តប៉ៃលិន ក្រោមកិច្ចឧបត្ថម្ភគាំទ្រ ដោយមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស តាមរយៈអាជ្ញាធរមីន។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ថ្នាក់ដឹកនាំអាជ្ញាធរមីន និងមន្ទីរ អង្គភាពជុំវិញខេត្ត។ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន ចំពោះកិច្ចសហការរៀបចំពិធីសំណេះសំណាលនេះ។

លោកទេសរដ្ឋមន្ត្រី បានពាំនាំសេចក្ដីនឹករលឹក និងការស្រលាញ់រាប់អានពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ដែលចូលរួមបញ្ចប់សង្គ្រាម តាមរយៈគោលនយោបាយឈ្នះឈ្នះក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ដែលជាបិតាសន្តិភាព។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនមានពិការភាព និងជនងាយរងគ្រោះផ្សេងទៀត ជាពិសេសបងប្អូនមានពិការភាពដោយសារសង្គ្រាម។

លោកបន្តទៀតថា រៀងរាល់ពេល សម្តេចតេជោ តែងតែចង់ឃើញប្រទេស និងប្រជាជនកម្ពុជា ទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងមានជីវភាពធូរធារដូចគ្នា ក្នុងនោះរួមមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ដីសុវត្ថិភាព រួចផុតពីការគម្រាមកំហែងដោយសារមីនជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមានពិការភាពទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់នូវបេះដូង សេចក្ដីស្រលាញ់ និងការថែរក្សាបីបាច់ ចំពោះក្រុមគ្រួសារ ដែលបេសកកម្មទាំងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការលើកកម្ពស់ជីវភាពរស់នៅ ការលើកទឹកចិត្ត និងការផ្តល់សុភមង្គលក្នុងគ្រួសារ។

លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះបងប្អូនមានពិការភាព ដែលបានខិតខំប្រឹងប្រែង និងបានឈរជាបង្គោលយ៉ាងរឹងមាំចំពោះគ្រួសារ ដែលនេះបានសរបញ្ជាក់ឲ្យឃើញថា ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍ ប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះមូលនិធិ Sir Bobby Charlton ដែលចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារមានពិការភាព ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដនេះ ដែលរហូតមកដល់ពេលនេះមូលនិធិ បានចូលរួមចែកគ្រឿងឧបភោគបរិភោគបានជាង ២០០០ គ្រួសារ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន៕