(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលខណ្ឌព្រែក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ខេម វណ្ណឌី អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកស៊ើបសួរតាមនីតិវិធីធី ក្នុងសំណុំរឿងដែលជនរងគ្រោះបានចោទថា បានដកកាំភ្លើងភ្ជង់នាងឲ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន។

តាមរបាយការណ៍សមត្ថកិច្ចនគបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖២០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបានរួមមាន៖ កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 មួយគ្រឿង និងទូរស័ព្ទ១គ្រឿង។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ និងប្តីបានជិះម៉ូតូម៉ាកហុងដា ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដក។

មួយសន្ទុះក្រោយ មកជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅមករកជនរងគ្រោះ ដោយសួរថាប្តីទៅណា? តែជនរងគ្រោះមិនតបនោះទេ រួចជនសង្ស័យក៏ពឹងជនរងគ្រោះ ឲ្យជួយបង្វែរក្បាលទូកនៅក្បែរនោះ តែជនរងគ្រោះបដិសេធ ហើយក៏ដើរចេញមកក្រៅរបងថ្ម ក៏ត្រូវជនសង្ស័យដកកាំភ្លើងម៉ាក ROLO មកភ្ជង់ដើមទ្រូង បង្ខំឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច។

ពេលនោះ ជនរងគ្រោះក៏ប្រើល្បិចធ្វើជាសុំលេខទូរសព្ទ័ជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយជនសង្ស័យក៏បានឲ្យលេខទូរស័ព្ទ រួចបានដើរទៅយកម៉ូតូ ជិះគេចទៅទិសខាងកើតបាត់។

ក្រោយមកជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករកា ហើយសមត្ថកិច្ចបានសហការជាមួយជនរងគ្រោះ ប្រើល្បិចតេហៅជនសង្ស័យណាត់ជួបជនរងគ្រោះម្តងទៀត នៅចំណុចផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ។

លុះជនសង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡា ស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះឈ្នះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង៕