(បន្ទាយមានជ័យ)៖ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជកម្មខេត្តបន្ទាយមានជ័យ បានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាក់តម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវាកម្ម ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

ការណែនាំនេះធ្វើឡើងក្នុងសកម្មភាពបានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ ផ្សព្វផ្សាយប្រកាសស្តីពីការបិទតម្លៃប្រាក់រៀលលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ នៅតាមម៉ាត (Mart) មួយចំនួនក្នុងតំបន់កាស៊ីណូស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់មន្ត្រីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជកម្មខេត្ត នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ក្នុងសកម្មភាពនេះក្រុមមន្ត្រីបានពន្យល់ណែនាំអាជីវករឱ្យយល់ដឹងកាន់តែច្បាស់ អំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងការបិទស្លាក់តម្លៃប្រាក់រៀលលើផលិតផលទំនិញ និងសេវាកម្ម ក្នុងគោលបំណងដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

ក្នុងសកម្មភាពចុះត្រួតពិនិត្យខាងលើនេះ ក្រុមមន្ត្រីជំនាញបានដកហូតទំនិញមិនប្រក្រតីចំនួន ១០ មុខ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីយកទៅកម្ទេចចោលតាមនីតិវិធីច្បាប់។

ជាមួយគ្នានោះ កម្លាំងមន្ត្រីចម្រុះក៏បានរកឃើញផលិតផលកូឡូជែន និងភេសជ្ជៈសម្បុកត្រចៀកកាំ ហួសកាលបរិច្ឆេទប្រើប្រាស់ហើយ ថែមទាំងលួចបន្លំបិទស្លាកតម្លៃប្រាក់បាតជាន់លើកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ទៀត។ ដោយយល់ថាអំពើល្មើសបែបនេះគឺជាការប្រព្រឹត្តលើកទី១ ហេតុនេះហើយមន្រ្តីជំនាញក៏បានពន្យល់ណែនាំ និងព្រមានតាមរយៈកិច្ចសន្យាពីសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ៕