(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងរដ្ឋមន្ត្រី និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» នឹងធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤ ដែលជាលើកចុងក្រោយ ដើម្បីប្រាកដថាមិនមានឆ្លងមេរោគកូវីដ១៩។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ ក្រសួងសុខាភិបាល​ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ការធ្វើតេស្តលើកទី៤ពិសេសចុងក្រោយធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះគឺបញ្ចប់តែម្តង។ ក្រុមគ្រូពេទ្យចាប់ផ្តើមពីម៉ោង៧ព្រឹករហូតដល់អស់អ្នកធ្វើតេស្ត។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ នឹងត្រូវរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោល។

ដើម្បីធានាបានថាមេរោគកូវីដ១៩ មិនត្រូវបានរីកសាយភាយក្នុងសហគមន៍នោះ អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលនេះ ត្រូវបានតម្រូវឱ្យដាក់ខ្លួនដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ និងតេស្តសុខភាពរកមេរោគចំនួន៤លើក។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងអស់ ឱ្យទៅធ្វើតេស្តលើកទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា។ លោកស្រី បានគូសបញ្ជាក់ថា ការធ្វើតេស្តលើកទី៤នេះ ជាដំណាក់កាលចាំបាច់បំផុត ដើម្បីឱ្យប្រាកដថា អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលនេះមិនមានឆ្លងមេរោគកូវីដ១៩។

យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «៣វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល សរុប ៣,៩១៨នាក់ បានធ្វើតេស្តរកជំងឺកូវីដ១៩។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន ៨២៥នាក់ និងលើកទី៣ បានចំនួន ១,៣៥២នាក់។

ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នេះ មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩។ តែនៅថ្ងៃទី១៦ ខែវិច្ឆិកា អ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ គឺលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា បានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «៣វិច្ឆិកា» នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការសិក្សានៅតាមសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ ដើម្បីធានាថា មិនមានការរីកសាយភាពនៃការឆ្លងជំងឺកូវីដ១៩ ក្នុងកំលុងពេលតាមដានសុខភាពអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ រាជរដ្ឋាភិបាល ក៏បានបិទពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទនៅក្នុងពហុកីឡដ្ឋាននេះ។

បន្ថែមពីលើនោះរាជរដ្ឋាភិបាល ក៏បានសម្រេចបិទជាបណ្តោះអាសន្ននូវ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ សរុប ៣០៣នាក់ (ស្ត្រី ៦១នាក់ និងបុរស ២៤២នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ១២នាក់ (ស្រី ០១នាក់ និងបុរស ១១នាក់)៕