(កំពង់ឆ្នាំង)៖ ដើមឈើមួយដើមដែលមានវ័យចំណាស់ជាងគេ ធំហើយខ្ពស់ជាងគេ ក្នុងចំណោមដើមឈើជាច្រើននៅក្នុងតំបន់ព្រៃលិចទឹក ដែលដើមឈើមួយដើមនេះផងដែរ មានគល់ទំហំជាង ២ម៉ែត្រ មានកម្ពស់ប្រមាណជា ២០ម៉ែត្រ និងមានមែកសាខា ដុះនៅក្នុងតំបន់ព្រៃលិចទឹក១កន្លែង ក្បែរបឹងទន្លេសាប ស្ថិតក្នុងភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ដើមឈើនេះបើមើលពីចម្ងាយឃើញមានកម្ពស់ខ្ពស់ជាងគេ ក្នុងចំណោមដើមឈើព្រៃលិចទឹកជាច្រើនដែលដុះនៅម្ដុំនោះ។ អ្នកធ្វើដំណើរតាមទូក ឬកាណូតឆ្លងកាត់ទីនោះ ពេលទៅដល់ក្បែរដើមឈើនោះ ពិសេសយាយតាចាស់ៗ តែងតែបានលើកដៃបន់ស្រន់ និងបួងសួងសុំសេចក្តីសុខគ្រប់ៗគ្នា ក្នុងការធ្វើដំណើរតាមផ្លូវទឹក ដោយសារតែដើមឈើនេះមានបារមីស័ក្តកសិទ្ធ ដែលអ្នកស្រុកមានជំនឿតាំងពីបុរាណមក។

អ្នកស្រុករស់នៅទីនោះ បានឲ្យដឹងថា ព្រៃលិចទឹកនៅម្ដុំនេះគេហៅថាព្រៃខ្មោច ហើយឈ្មោះព្រៃខ្មោចនេះ ត្រូវបានចាស់ៗហៅតៗគ្នាតាំងពីសម័យដើមមក ព្រោះតាំងតែពីចាស់ជំនាន់ដើម អ្នកដែលរស់នៅទីនេះ នៅរដូវវស្សាទឹកលិចគ្រប់ទីកន្លែង នៅសល់តែទីទួលផ្ទះតែប៉ុណ្ណោះ ហេតុនេះប្រសិនបើមានអ្នកស្លាប់ មិនមានទីទួលសម្រាប់កប់សព ឬក៏បូជានោះទេ ដូច្នេះអ្នកស្លាប់នៅក្នុងភូមិទាំងអស់ត្រូវយកមកទុក ដាក់នៅលើដើមឈើនេះទាំងអស់។

ឯរបៀបទុកដាក់សពនៅលើដើមឈើនេះ គឺអ្នកខ្លះគេរែងជាព្រួល ហើយវេចខ្ចប់សពឲ្យត្រឹមត្រូវបន្ទាប់មកយកសពទៅចង ផ្អោបនឹងដើមឈើមួយដើមនេះ។ អ្នកខ្លះទៀតយកសពទៅដាក់ក្នុងមឈូស បន្ទាប់មកគេកាប់ដើមបបុស្សជាច្រើនរយដើម យកមករែងធ្វើជាក្បូន ហើយយកក្តាមឈូសដាក់នៅលើក្បូននោះ រួចចងខ្សែបណ្ដែតទឹកជាប់នឹងដើមឈើធំនេះ។ ដោយទុករហូតដល់រដូវសម្រកទើបគេយកសពទៅបូជា ឬក៏បញ្ចុះ តាមគ្រួសារនីមួយៗ រីឯកន្លែងបូជាអ្នកខ្លះគេយកទៅបូជានៅវត្ត អ្នកខ្លះយកទៅបូជាកន្លែងផ្សេងនឹងអ្នកខ្លះទៀតទុកបូជា នៅក្រោមដើមឈើធំនេះតែម្ដង។

ចំណែកបុរសឈ្មោះ ផង់ មឹប អាយុជិត៦០ឆ្នាំ មានទីលំនៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលធ្លាប់បានដឹងប្រវត្តិដើមឈើមួយដើមនេះ បានប្រាប់ថា ដើមឈើសម្រាប់បង្គឿងសពមួយដើមនេះ មានអាយុកាលរាប់រយឆ្នាំមកហើយ។ ពីដើមមាន ៣ដើមធំៗដូចគ្នា បច្ចុប្បន្ន ២ដើមទៀតបានងាប់អស់ នៅសល់តែមួយដើមនេះ ហើយដើមឈើនេះ ឈ្មោះដើមស្ដី។ តាំងតែពីចាស់បុរាណមក ដែលរស់នៅតកូនចៅទីនេះ តែងតែយកដើមឈើនេះជាទីកន្លែងសម្រាប់បង្កឿងសព ដោយសារតែនៅទីនេះត្រូវបានទឹកលិចជារៀងរាល់រដូវវស្សា ហេតុនេះមិនមានទីទួលសម្រាប់បូជា ឬក៏ទុកដាក់សពឲ្យបានត្រឹមត្រូវនោះទេ។

ដូច្នេះដើមឈើមួយនេះតាំងតែពីជំនាន់ដើមមកដល់បច្ចុប្បន្ន គឺសពដែលដាក់នៅទីនេះ មានរហូតរាប់រយនាក់ទៅហើយ ប៉ុន្តែរយៈ ពេល៤ឆ្នាំនេះ ពលរដ្ឋភាគច្រើនរស់នៅទីនេះ បើមានអ្នកស្លាប់ គឺគេយកទៅបូជានៅឯវត្តថ្នល់ឈើទាល ដែលវត្តនេះស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង នេះដែរ។ តែអ្នកខ្លះក៏នៅតែយកសពមកតម្កល់ទុកដាក់នៅលើដើមឈើនេះដដែល ព្រោះទីនេះជាទីកន្លែងទុកដាក់សពតាំងពីចាស់ជំនាន់ដើមមក។

លោកបានបន្តឲ្យដឹងទៀតថា ទីនេះក៏ជាទីសក្ការៈបូជា ដែលពូកែស័ក្តិសិទ្ធផងដែរ។ អ្នកស្រុកជិតឆ្ងាយ ធ្វើដំណើរឆ្លងកាត់ទីនេះ តែងតែចូលមកបែបន់សុំសេចក្តីសុខសេចក្តីចម្រើន អ្នកខ្លះក៏បានកាក់កបដូចបំណង ទៅតាមការបែរបន់រៀងៗខ្លួន ព្រោះនៅម្តុំព្រៃខ្មោចនេះ គឺក្បែរផ្លូវទូកកាណូតធ្វើចរាចរណ៍ចេញចូលរាល់ថ្ងៃ។

បុរសវ័យចំណាស់បន្តថា ទីនេះក៏ធ្លាប់កើតមានអភូតហេតុដូចជាខ្មោចលងផងដែរ។ អ្នកខ្លះពេលយប់ព្រលប់មិនហ៊ានធ្វើដំណើរឆ្លងកាត់ទីនេះនោះទេ ដោយសារតែនៅទីនេះល្បីថាខ្មោចលងសម្បើមណាស់ និងអ្នកខ្លះថាធ្លាប់ឃើញខ្មោចលងនៅទីនេះ គឺនៅពេលកំពុងតែបើកកាណូតឆ្លងកាត់ទីនេះ ក៏ស្រាប់តែមានកាណូតបើកកាត់ពីមុខ ធ្វើឲ្យអ្នកបើកកាណូតភ័យស្លន់ស្លោ ពេលឈប់រកមើលកាណូតនោះ តែរកមិនឃើញ។

អ្នកខ្លះអះអាងថា ពេលបើកកាណូតមកដល់ទីនេះ ក៏ឃើញមានមនុស្សហែលទឹកកាត់ពីមុខ ពេលឈប់កាណូតរកមើល តែរកមិនឃើញដូចគ្នា និងអ្នកខ្លះថាធ្លាប់ឮសូរមានសម្លេងមនុស្សស្រែកយំនៅលើដើមឈើធំនេះ តែបើកភ្លើងកែវរកមើល ក៏រកអត់ឃើញដែរ។ ទាំងនេះគឺគ្រាន់តែជាការឮតៗគ្នាតែប៉ុណ្ណោះ រឿងពិតយ៉ាងណានោះបុរសវ័យចំណាស់ខាងលើ ក៏មិនបានដឹងដែរ។ ចំណែកគាត់ផ្ទាល់ មិនដែលជួប និងឃើញនោះទេ ដោយសារលោកមិនដែលហ៊ានធ្វើដំណើរឆ្លងកាត់ទីនេះនៅពេលយប់ សូម្បីតែពេលថ្ងៃធ្វើដំណើរម្នាក់ឯងឆ្លងកាត់ទីនេះ ក៏គាត់មិនហ៊ានដែរ ព្រោះគាត់ជាមនុស្សខ្លាចខ្មោច ហើយគាត់ធ្លាប់ត្រូវបានខ្មោចលងគាត់ច្រើនដងណាស់ដែរ តែមិនមែនលងនៅទីនេះទេ គឺលងនៅកន្លែងផ្សេង កាលពីលោកនៅពីក្មេង។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋនៅក្នុងភូមិខាងលើនេះបានឲ្យដឹងថា បច្ចុប្បន្ននៅចំណុចព្រៃខ្មោចនេះ ត្រូវបានអង្គការមួយ សហការជាមួយអាជ្ញាធរ ចុះមកពន្យល់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឥ្យជួយថែរក្សា និងអភិរក្សព្រៃលិចទឹកដែលជាព្រៃប្រវត្តិសាស្ត្រពីបុរាណមួយនេះឲ្យគង់វង្ស ចៀសវាងការកាប់បំផ្លាញព្រៃលិចទឹកនៅទីនេះ ដើម្បីរក្សាទុកជាព្រៃប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយ៕