(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា របាយការណ៍របស់អ្នករាយការពិសេសអង្គការសហប្រជាជាតិ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស។

ការបញ្ជាក់បែបនេះ របស់លោក ជិន ម៉ាលីន បានធ្វើឡើងក្រោយ លោកស្រី Mary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស បានសម្តែងនូវការព្រួយបារម្ភអំពីការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានច្រានចោលយ៉ាងដូច្នេះថា៖ «របាយការណ៍នេះ មិនមានមូលដ្ឋានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយក្នុងការសន្និដ្ឋាន និងវាយតម្លៃពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានោះទេ ព្រោះថាការសន្និដ្ឋានរបស់គេ គឺផ្តោតជាសំខាន់តែទៅលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺនៅពែលដែលសមត្ថកិច្ចអនុវត្តច្បាប់ចំពោះសកម្មជន និងក្រុមគោលដៅដែលគេការពារ គេសន្និដ្ឋានថាជាការរំលោភសិទ្ធិមនុស្ស តែគេមិនខ្ចីខ្វល់និងធ្វើការវិភាគវែកញែកពីទង្វើ និងសកម្មភាពរបស់ក្រុមគោលដៅទាំងនោះឡើយ ថាតើវាជាសកម្មភាពការពារសិទ្ធិមនុស្សឬជាការប្រព្រឹត្តបទល្មើស ហើយវាមានមូលដ្ឋាន និងធាតុផ្សំគ្រប់គ្រាន់បង្កើតបានជាបទល្មើសតាមបញ្ញត្តិច្បាប់របស់កម្ពុជាដែរ ឬអត់ ហើយពួកគេបានធ្វើអ្វីខ្លះបានជានាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់យ៉ាងដូច្នេះ»

ពាក់ព័ន្ធនឹងចំណុចនេះ លោក ជិន ម៉ាលីន បានលើកឡើងថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សនោះទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ដែលបានដំណើរការនីតិវិធីតាមផ្លូវតុលាការផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លើសពីនេះ លោកបានគូសបញ្ជាក់ថា ការស៊ីឈ្នួលជួបជុំតវ៉ា និងអនុវត្តតាមផែនការខុសច្បាប់របស់អង្គការចលនាចាត់តាំងក្រៅច្បាប់ ក្នុងចេតនាទុច្ចរិតបង្កភាពចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាសកម្មភាពការពារសិទ្ធិមនុស្សនោះទេ ហើយអ្នកដែលអនុវត្តនូវសកម្មភាព និងផែនការទាំងនោះ ក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សនោះដែរ តែផ្ទុយទៅវិញ វាជាអំពើល្មើសទៅនឹងច្បាប់ ហើយដែលអ្នកប្រព្រឹត្តអំពើល្មើសច្បាប់ទាំងនោះក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមានផងដែរ។

មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់កម្ពុជាដដែល ក៏បានបញ្ជាក់ថា រដ្ឋាភិបាលលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមការពារ គោរព និងលើកស្ទួយសិទ្ធិមនុស្សលើគ្រប់វិស័យ ដែលស្ថិតក្នុងក្របខណ្ឌច្បាប់ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងមូល និងក៏ប្រកាន់ភ្ជាប់ផងដែរនូវវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះក្រុមដែលមានផែនការ និងចេតនាទុច្ចរិត បង្កនូវភាពចលាចល និងអសន្តិសុខក្នុងសង្គម ក្រោមរូបភាពនិងលេសសិទ្ធិមនុស្ស ក្នុងគោលដៅការពារសិទ្ធិសេរីភាពអ្នកដ៏ទៃ និងថែរក្សានូវសន្តិសុខ ស្ថេរភាពសង្គម និងសណ្តាប់ឆ្នាប់សាធារណៈ៕