(តាកែវ)៖ ក្រុមកង់គុណធម៌ បានធ្វើដំណើរទៅរមណីយដ្ឋានបុរេប្រវត្តិសាស្រ្តភ្នំដា និងភ្នំបុរី ស្ថិតនៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបាននាំអំណោយជាសម្ភារសិក្សា និងថវិកា ចែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាភ្នំបុរី សរុបចំនួន១៦៨នាក់។

លោក ជេត នី ស្ថាបនិកក្រុមកង់គុណធម៌ បានឲ្យដឹងថា ដំណើរកម្សាន្តផ្លូវដ៏វែងឆ្ងាយ «ក្រុមកង់គុណធម៌» បានសហការជាមួយក្រុមហ៊ុន Scott Cambodia ដែលជាក្រុមហ៊ុនកង់ឈានមុខគេនៅកម្ពុជា និងក្រុមហ៊ុនដីឡូតិ៍ល្អពិត បាននាំយកអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួន ចែកជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាភ្នំបុរី ដែលមានសិស្សចំនួន ១៦០នាក់ និងលោកគ្រូ អ្នកគ្រូ៨នាក់។

នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌នេះ លោក ឈឺន គង្គា បានបញ្ជាក់ថា ក្រុមកង់គុណធម៌ អាចនាំយកអំណោយមកចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាភ្នំបុរីនេះ បានក៏ដោយសារតែមានការ ឧបត្ថម្ភពីសមាជិក សមាជិកា និងក្រុមហ៊ុន Scott Cambodia និងក្រុមហ៊ុនដីឡូតិ៍ល្អពិតផងដែរ។

លោក ឈឺន គង្គា បានបន្តទៀតថា ក្រុមកង់គុណធម៌ ពិតជារីករាយណាស់ដែលទទួលបានការចូលរួម សហការឧបត្ថម្ភពីក្រុមហ៊ុន Scott Cambodia និងក្រុមហ៊ុនដីឡូតិ៍ល្អពិត ផ្តួចផ្តើមឲ្យមាន ព្រឹត្តិការណ៍សប្បុរសធម៌នេះកើតមានឡើង។ លោកសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងខិតខំរៀនសូត្រដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំ របស់ប្រទេសជាតិ ហើយព្រឹត្តិការណ៍សប្បុរសធម៌បែបនេះ នឹងកើតមានឡើងនាពេលក្រោយៗទៀត។

ជាចុងក្រោយ ក្រុមកង់គុណធម៌ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Scott Cambodia និងក្រុមហ៊ុនដីឡូតិ៍ល្អពិត ដែលបានចូលរួមឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ។ ក្រុមកង់គុណធម៌ សូមជូនពរឲ្យក្រុមហ៊ុនទាំងពីរ កាន់តែដំណើរការរីកចម្រើនលូតលាស់ទៅមុខ និងសមាជិក ក្រុមកង់គុណធម៌ទាំងអស់ដែលមានទឹកចិត្តមោះមុតជិះកង់ក្នុងដំណើរផ្លូវដ៏ឆ្ងាយ និងលះបង់ពេលវេលាផ្ទាល់ខ្លួនដ៏មានតម្លៃ សម្រាប់ព្រឹត្តិការណ៍សប្បុរសធម៌មួយនេះ៕