(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសសើរស្មោះចំពោះលោកបណ្ឌិត លី យុន (Dr. Li Khun) អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ចំនួន ០២ជើង ដើម្បីដឹកជញ្ជូនម៉ាសចំនួន ២លាន ១សែន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូនរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ក្នុងលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «លោកបណ្ឌិត លី យុន (Dr. Li Khun) អគ្គនាយក ក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) រាជរដ្ឋាភិបាលកម្ពុជាសូមថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះ ចំពោះលោកបណ្ឌិត អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ី អ៊ែរឡាញ (Lanmei Airlines) ដែលបានឧបត្ថម្ភការហោះហើរ ជាមនុស្សធម៌ចំនួន ០២ជើង ដើម្បីដឹកជញ្ជូនម៉ាសចំនួន ២លាន ១សែន និងបរិក្ខាពេទ្យសរុបចំនួន ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅជូន រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ»

សូមបញ្ជាក់ថា នៅព្រឹកលថ្ងៃទី១៦ ខែវិច្ឆិកានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូនាំម៉ាសចំនួន២លាន ១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាលឡាវ។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រគល់ជូន លោក ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវរួចហើយ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ អំណោយទាំងនេះ ត្រូវបានដឹកតាមយន្តហោះពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ៕