(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០:០០នាទី បាននាំយកម៉ាសចំនួន៣០.០០០ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចែកជូនដល់បងប្អូនកម្មករបុរី ប៉េង ហ៊ួត ក្រោមអធិបតីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងដោយមានការចូលរួមពីឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុនបុរី ប៉េងហួតគ្រុប និងសហការី ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីចែកម៉ាសជូនកម្មករសំណង់ដែលបាន និងកំពុងបំពេញការងារនៅបុរីនេះ ក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌបានថ្លែងថា ការចែកម៉ាស់ទៅដល់កម្មករនេះ គឺដោយអនុវត្តន៍ ទៅតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយឱ្យអាជ្ញាធរបន្តចែកម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដែលក្រីក្រ មិនមានលទ្ធភាពក្នុងការទិញម៉ាស់យកមកប្រើប្រាស់ការពារជំងឺកូវីដ-១៩។

សម្ដេចតេជោ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋក្រីក្រ ឬមានទ្រព្យនោះទេ ជាពិសេសបងប្អូនកម្មករ-កម្មការិនី ជាមុខសញ្ញាមួយដែលត្រូវផ្តល់ម៉ាស់ជូន ដោយសារតែកម្មករភាគច្រើន មិនសូវពាក់ម៉ាស់និងខ្វះលទ្ធភាពក្នុងការទិញម៉ាស់ពាក់។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ម៉ាស់ដែលបានចែកជូននេះ គឺម្នាក់ចំនួន២ម៉ាស ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរ ដោយបងប្អូនកម្មករអាចបោកសំអាតមួយហើយពាក់មួយទៀតបាន។ ដូច្នេះសូមឱ្យបងប្អូនដែល ទទួលបានម៉ាស់ មេត្តាពាក់ឱ្យជាប់ជានិច្ច ដើម្បីថែរក្សាសុខភាពតាមគោលបំណងរបស់សម្តេច ដើម្បីចៀសផុតពីការឆ្លងជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់ម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនមក សាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាស់ យកមកប្រើប្រាស់៕