(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជំរុញឲ្យសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសត្រូវតែពន្លឿន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះដូចជា ផ្តល់សេវាសាធារណការធ្វើអត្តសញ្ញាណប័ណ្ណ, ការងារអត្រានុកូលដ្ឋាន, ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសំណង់បរិស្ថាន អនាម័យ និងទំនាស់ដីធ្លីឲ្យបានឆាប់រហ័ស និងសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន និង មានតម្លាភាព។

លោក ថង សាវុន បានជំរុញដូចនេះ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលាស្រុកអូរជុំ ក្នុងឱកាសរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ណាប់ ប៊ុន ហេងប្រធានក្រុមប្រឹក្សាខេត្ត និងមានប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោក ថង សាវុន ក៏បានជំរុញផងដែរ ដល់សមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមឲ្យបានសកម្មក្នុងការផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមមូលដ្ឋានរបស់ខ្លួនឲ្យបានស៊ីជម្រៅដល់ស្រទាប់មហាជនទូទៅ តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់រីករាលដាលចូលមកក្នុងសហគមន៍។

លោក ណាប់ ប៊ុនហេង បានឱ្យដឹងដែរថាវេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋស្តាប់នូវរបាយការណ៍ស្តីពីសមិទ្ធផលដែលអាជ្ញាធរខេត្តសម្រេចបាន និងផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត របស់រដ្ឋបាលខេត្តផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹង ក្តីកង្វល់សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការដោះស្រាយនិងឆ្លើយតបរាល់តម្រូវការទាំងនោះ។ ត្រូវពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍន៍ តាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរលោកប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវធ្វើការឆ្លើយតបទៅនឹងក្តីកង្វល់ បញ្ហាប្រឈមក៏ដូចសំណូមពរនានារបស់ប្រជា ពលរដ្ឋដែលបានលើកឡើងក្នុងអង្គវេទិកា ដើម្បីឲ្យមានជំនឿទុកចិត្តមកលើអជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលជាបំរើពួកគាត់ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់៕