(កំពង់ធំ)៖ ក្រោមការគិតគូរខ្ពស់ចំពោះសន្តិសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានសម្រេចសាងសង់អគារស្នាក់នៅ សម្រាប់កម្លាំងសមត្ថកិច្ចប្រចាំការតាមវេន ដើម្បីត្រៀមចេញអន្តរាគមន៍ភ្លាមៗឱ្យបានទាន់ពេល រាល់ពេលកើតមានហេតុការណ៍ ឬបទល្មើសណាមួយនៅក្នុងមូលដ្ឋាន។

អគារខាងលើនេះមានចំនួន ២ខ្នង នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំផ្ទាល់តែម្ដង ខណៈមួយជាអគារសម្រាប់កងកម្លាំងអន្តរាគមន៍ និងមួយទៀតជាអគារអាហារដ្ឋាន ដែលត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

គម្រោងសាងសង់អគារនេះនឹងសាង់សង់ឡើង អំពីថ្មប្រក់ក្បឿងមានទំហំ ៧.៥០ គុណ ៣៦.៥០ ម៉ែត្រ សម្រាប់កម្លាំងអន្តរាគមន៍ស្នាក់នៅ ហើយក្នុងនោះក៏មានអគារផ្ទះបាយសម្រាប់ឱ្យកងកម្លាំងពិសាបាយរួមគ្នាដែលមានទំហំ ៨ គុណ ១២ ម៉ែត្រ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឱ្យដឹងថា គោលបំណងនៃការសាងសង់អគារសម្រាប់កម្លាំងអន្តរាគមន៍ គឺដើម្បីភាពងាយស្រួល ក្នុងការប្រមូលកម្លាំងអន្តរាគមន៍ឱ្យប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង នៅក្នុងស្នងការដ្ឋាននគបាល ដើម្បីចេញជួយអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាបទបញ្ជាថ្នាក់លើ និងត្រៀមខ្លួនជាស្រេចក្នុងការចេញ ជួយអន្តរាគមន៍រាល់សកម្មភាពជួយសង្រ្គោះ និងទប់ស្កាត់បទល្មើសនានាឱ្យបានទាន់ពេលវេលា។

លោកបានបញ្ជាក់ទៀតថា ក្នុងនាមជាកងកម្លាំង ត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ បើទោះបីក្នុងតម្លៃណាក៏ដោយ គឺសុខទុក្ខ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ និងជាតួនាទីការងារចាំបាច់របស់កម្លាំងសមត្ថកិច្ច។

លោកឧត្តមសេនីយ៍ទោបានអំពាវនាវ និងសំណូមពរគ្រប់កងកម្លាំង មន្ត្រីរាជការ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ចូលរួមការពារទប់ស្កាត់ទាំងអស់គ្នា ដោយមិនត្រូវចាត់ទុកគ្រឿងញៀនជាភារកិច្ចរបស់សមត្ថកិច្ចនោះឡើយ បើសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋទេ ការបង្រ្កាបគ្រឿងញៀនមិនទទួលបានជោគជ័យនោះឡើយ។

លោកបានដាស់តឿនដល់កងកម្លាំងទាំងអស់ត្រូវចេះ សហការគ្នាអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដើម្បីឱ្យអង្គភាពរបស់ខ្លួនមានការរីកចម្រើន និងត្រូវចេះជួយការពារប្រជាពលរដ្ឋរាល់ការលំបាកសុខទុក្ខរបស់គាត់។

លោកឧត្តមសេនីយ៍ទោក៏បានជំរុញថ្នាក់ដឹកនាំ និងកងកម្លាំងត្រូវបង្កើនការយកចិត្តទុកដាក់លើការងារ ធ្វើយ៉ាងណាពង្រឹងដឹកនាំកងកម្លាំងមានស្មារតីទទួលខុសត្រូវ សម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ៕