(ភ្នំពេញ)៖ ហេតុអ្វីការលាងដៃឱ្យបានស្អាត មានសារៈសំខាន់ក្នុងការការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីជំងឺកូវីដ១៩? ចម្ងល់នេះត្រូវបានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញមកបកស្រាយយ៉ាងលម្អិត ជូនសាធារណជន ពីសារសំខាន់នៃការលាងដៃស្អាតនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពន្យល់យ៉ាងដូច្នេះថា ការថែរក្សាសំអាតដៃឱ្យបានស្អាត គឺជាជំហ៊ានដ៏សំខាន់បំផុត ដែលយើងអាចធ្វើបាន ដើម្បីចៀសវាងជំងឺផ្សេងៗ និងចំលងជំងឺទៅអ្នកដទៃ។ មានជំងឺជាច្រើន អាចរីករាលដាល ដោយសារការមិនបានលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឱ្យបានត្រឹមត្រូវ។

លោករដ្ឋមន្ត្រីបន្តថា ការលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬការលាងដៃជាមួយនឹងទឹកអាល់កុល ឬជែល នឹងជួយសំលាប់មេរោគចេញពីដៃ។ ការលាងដៃជាមួយអាល់កុល ឬជែល ត្រូវប្រើសូលុយស្យុង ដែលមានជាតិអាល់កុលយ៉ាងតិច៦០%។ ការលាងដៃត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវ និងមានរយៈពេលយ៉ាងតិច ២០ ទៅ៣០វិនាទី។

តើហេតុអ្វីការលាងដៃបែបនេះ នឹងជួយការពារជំងឺកូវីដ១៩? លោករដ្ឋមន្ត្រីពន្យល់ពីហេតុផលសំខាន់ៗចំនួន៣ គឺ៖

១៖ ជាទូទៅមនុស្សតែងតែប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់ខ្លួនដោយមិនបានដឹងខ្លូនទេ។ មេរោគអាចនឹងចូលទៅក្នុងខ្លួន តាមរយៈភ្នែក ច្រមុះ និង មាត់ ហើយធ្វើឱ្យយើងឈឺ។

២៖ មេរោគដែលនៅជាប់នឹងដៃ ដែលមិនបានលាងសម្អាត អាចតោងនៅលើរបស់របរផ្សេងៗ ហើយចំលងទៅដៃរបស់មនុស្សផ្សេងទៀត។
៣៖ មេរោគនេះមានភ្នាសពទ្ធ័ជុំវិញដុំសេនេទិករបស់វា។ ភ្នាសព័ទ្ធជុំវិញនោះ គឺជាភ្នាសខ្លាញ់។ ហើយភ្នាសខ្លាញ់នោះងាយ និងរំលាយដោយសាប៊ូ។ ដូច្នេះការលាងដៃនឹងសាប៊ូ នឹងបំផ្លាញនូវភា្នសខ្លាញ់នោះ ដែលនឹងធ្វើឱ្យដុំសេនេទិកនៃមេរោគក៏ត្រូវខូចខាត និងមិនអាចកកើតកូនចៅបានឡើយ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការសំលាប់មេរោគតាមរយៈការលាងដៃ ឱ្យបានត្រឹមត្រូវមិនត្រឹមតែអាចជួយការពារ នូវការឆ្លងជំងឺកូវីដ១៩ប៉ុណ្ណោះទេ លើសពីនេះទៀតក៏អាចការពារការឆ្លង នូវជំងឺផ្លូវដង្ហើមផ្សេងទៀត និងជំងឺដទៃទៀតដូចជា ជំងឺរាគរូស ជំងឺភ្នែក និងជំងឺស្បែកជាដើម។ នេះជាផ្នែកមួយនៃវិធានការការពារជំងឺឆ្លងជាពិសេស COVID-19 ដែលសាធារណជនគួរយល់ដឹង និងប្រតិបត្តិឱ្យបានញឹកញាប់ និងត្រឹមត្រូវ៕