(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជីវភាពខ្វះខាត់ ស្រ្តីមេម៉ាយ និងជនចាស់ជរាគ្មានទីពឹង ចំនួន ១៥០ គ្រួសាររស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយពីលោក ប៉ាល់ សំអឿន លោកស្រី នួម សុភ័ណ លោក អ៉ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក ឈើយ ចាន់ណា លោក អន ស៊ុ សមាជិកព្រឹទ្ធសភា និងឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ឈរជើងស្រុកព្រះនេត្រព្រះ និងលោក ហ៉ឹល រ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណ រួមជាមួយក្រុមការងារអាជ្ញាធរមូលដ្ឋាន សប្បុរសជន នាព្រឹកថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោក ហ៉ឹល រ៉ាយ៉ា បានលើកឡើងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាមួយស្លាប់ដោយសារអត់អាហារនោះទេ។ ជាក់ស្តែង អំណោយថ្ងៃនេះវាមិនបានបំពេញនូវតម្រូវការរបស់ពួកគាត់បានរហូតនោះទេ គ្រាន់តែជួយសម្រាលដល់ជីវភាពរស់នៅជូនដល់គាត់ បានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយគ្រា។

ជាមួយគ្នានោះដែរ សមាជិករដ្ឋសភាក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ទាំង អស់ត្រូវចូលរួមគោរពអនុវត្តនៅគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង ៩ចំណុច និងមានការប្រុងប្រយត្ន័ខ្ពស់ ត្រូវរក្សាអនាម័យអោយបានល្អ ពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ.១៩ ក្នុងសហគមន៍។

ព្រមជាមួយគ្នានោះដែរក្រុមការងារ ជំនុំមេតូឌីសខេត្ត បន្ទាយមានជ័យ បាននាំយកអំណោយអង្ករ និងគ្រឿងឧបភោគបរិភោគ មានអង្ករ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ និងស្រ្តីមេម៉ាយ ចាស់ជរា គ្មានទីពឹង ក្នុងសង្កាត់ ម្កាក់ ក្រុងសិរីសោភ័ណ ១០០គ្រួសារ៕