(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ បានចាត់ឱ្យគណៈប្រតិភូ ដែលដឹកនាំដោយលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកសាររំលែកទុក្ខ និងបច្ច័យចំនួន ៥លានរៀល ប្រគល់ជូនលោកស្រី សាលី ឡន និងក្រុមគ្រួសារ ក្នុងពិធីបុណ្យ ៧ថ្ងៃ សពលោក ចាន់ សម្បត្តិ មន្ត្រីរបស់ CMAC ទទួលបន្ទុក ប្រធានគម្រោងការអភិវឌ្ឍ សហគមន៍ក្រោយ បោសសម្អាត មីនរួច។

លោក ចាន់ សម្បត្តិ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៖៤០នាទី ដោយ រោគាពាធ។

ក្នុងសាររំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា «មរណភាព របស់ ចាន់ សម្បត្តិ គឺមិនត្រឹមតែជា ការបាត់បង់ ឧត្តមស្វាមី បិតា ជាទីគោរព ស្រឡាញ់ ប្រកប ដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណី ដ៏ថ្លៃថ្លាមិនចេះ រីងស្ងួត ចំពោះ លោកស្រី និង បុត្រ ប៉ុណ្ណោះ ទេ តែក៏ជាការបាត់បង់ មន្ត្រីជំនាញដ៏ ឆ្នើម មួយ រូប ដែលបាន បំពេញ ភារកិច្ចពោរពេញ ដោយ ស្នាដៃ សម្រាប់វិស័យមីន និងគុណបំណាច់ជាច្រើនក្នុងគោលបំណងជួយដល់សហគមន៍ ក្រោយបោសសម្អាតមីន»

ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ លោក ចាន់ សម្បត្តិ បានចាប់ បដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀង ឃ្លាតឡើយ៕