(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ម៉ាសក្រណាត់ចំនួន១០ម៉ឺនបន្ថែមទៀត ជូនរដ្ឋាភិបាលឡាវ សម្រាប់ប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

លោកស្រីបន្តថា ការបន្ថែមម៉ាសក្រណាត់១០ម៉ឺនទៀតនេះ ធ្វើអំណោយជាសម្ភារបរិក្ខាពេទ្យ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាបាលភិបាលឡាវ កើនឡើងដល់ចំនួន១២មុខ។

អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖

ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ ១០ម៉ឺនម៉ាស, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ, សាប៊ូលាងដៃ ២ពាន់គូ និងម៉ាសក្រណាត់១០ម៉ឺនផងដែរ។

សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវ រួមមានម៉ាស និងបរិក្ខារពេទ្យសរុបចំនួន១២មុខ នឹងត្រូវដឹកតាមយន្តហោះពីកម្ពុជា ទៅប្រទេសឡាវនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាស្អែកនេះ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដើម្បីដឹកនាំគណៈប្រតិភូនាំយកអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យទាំងនេះយកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងដំណើរនាំយកអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យសរុបជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានការអមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលផងដែរ។

សូមជំរាបថា នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនលោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទ សួរសុខទុក្ខរបស់លោក ថងលុន ស៊ីសុលីត និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជា ជូនមិត្តឡាវ នូវម៉ាសចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន៕