(ភ្នំពេញ)៖ នៅពេលដែលបុគ្គលណាម្នាក់បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នោះព្រះរាជអាជ្ញា និងធ្វើការចោទប្រកាន់រួច បញ្ជូនជននោះទៅចៅក្រមស៊ើបសួរដើម្បីធ្វើកិច្ចស៊ើបសួរដាក់បន្ទុក ឬដោះបន្ទុក ហើយប្រសិនបើចៅក្រមស៊ើបសួរយល់ឃើញថាអំពើដែលបានប្រព្រឹត្តជាបទឧក្រិដ្ឋ ឬបទមជ្ឈឹម បានបង្កព្យសនកម្មធ្ងន់ធ្ងរដល់សង្គម នោះចៅក្រមស៊ើបសួរអាចធ្វើការឃុំខ្លួនបុគ្គលនោះដើម្បីបញ្ចប់ ឬបង្ការបទល្មើសកុំឲ្យកើតឡើងជាថ្មី និងកុំឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបសួរ។

ប៉ុន្តែប្រសិនបើអំពើនោះបានបង្កព្យសនកម្មតិចតួចដល់សង្គមជាតិ ហើយមានមូលហេតុសមស្របតាមច្បាប់ ដែលមិនធ្វើឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបសួរទេ នោះចៅក្រមស៊ើបសួរអាចសម្រេច ដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលាដោយស្ថិតក្នុងដំណាក់កាលស៊ើបសួរ។

ដើម្បីយល់កាន់តែច្បាស់ដូច្នេះក្នុងសប្តាហ៍នេះ អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការត្រួតពិនិត្យតាមផ្លូវតុលាការ» មកធ្វើការបកស្រាយជូនបងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖

ជាផ្នែកមួយនៃវិធានការនិរន្ដរាយ ដើម្បីធានាសម្រួលដល់ដំណើរការនៃកិច្ចស៊ើបសួរ ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (នៅក្រៅឃុំ) ឬសម្រេចឃុំខ្លួនបណ្ដោះអាសន្ន (នៅក្នុងឃុំ)។

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការត្រួតពិនិត្យតាមផ្លូវតុលាការ មាន អានុភាពបង្គាប់ជនត្រូវចោទ ដែលនៅក្រៅឃុំឱ្យ គោរពកាតព្វកិច្ចមួយឬច្រើនដែលរួមមានដូចជា៖
១៖ មិនត្រូវចេញក្រៅ ព្រំប្រទល់ដែនដីកំណត់ ដោយចៅក្រមស៊ើបសួរ។
២៖ មិនត្រូវផ្លាស់ប្តូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រុមស៊ើបសួរ។
៣៖ មិនត្រូវទៅកាន់ទីកន្លែងខ្លះ ដែលកំណត់ដោយចៅក្រមស៊ើបសួរ។
៤៖ ត្រូវចូលមកបង្ហាញខ្លួនតាមការកំណត់ នៅអង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ដែលចាត់តាំង ដោយចៅក្រមស៊ើបសួរ។
៥៖ ត្រូវឆ្លើយតបនឹងដីកាកោះហៅ ពី គ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
៦៖ ត្រូវប្រគល់ជូន ដល់ការិយាល័យ ក្រឡាបញ្ជី គ្រប់ឯកសារបញ្ជាក់ពីអត្តសញ្ញាណ។
៧៖ មិនត្រូវបើកបររថយន្ត។
៨៖ មិនត្រូវទទួល ឬជួបនឹងបុគ្គលមួយចំនួន ដែលកំណត់ចង្អុលបង្ហាញដោយចៅក្រម ស៊ើបសួរ។
៩៖ ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានា និងថិរវេលាបង់ប្រាក់នេះ ត្រូវកំណត់ដោយ ចៅក្រមស៊ើបសួរ ដោយផ្អែកទៅលើធនធាន របស់ជនដែលនឹងត្រូវចោទ។
១០៖ មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ។ ត្រូវប្រគល់ជូនដល់ការិយាល័យ ក្រឡាបញ្ជីនូវ អាវុធដែលជនត្រូវចោទកាន់កាប់។
១១៖ ត្រូវប្រគល់ខ្លួនឱ្យពេទ្យពិនិត្យព្យាបាល និងជាយថាហេតុដាក់ឱ្យស្ថិតក្នុងរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ ។
១២៖ មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈខ្លះ។

ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមគំនិតផ្ដួចផ្ដើមរបស់ខ្លួនផ្ទាល់ឬតាមសេចក្ដីសន្និដ្ឋានសរុបរបស់ព្រះរាជអាជ្ញា។ ដោយបញ្ជាក់អំពីកាតព្វកិច្ចដែលតម្រូវលើជនត្រូវចោទនៅក្នុងដីកាសម្រេច ហើយត្រូវជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ។

កាលណាចៅក្រមស៊ើបសួរ ដែលទទួលបណ្ដឹងតាមសេចក្ដីសន្និដ្ឋានពីព្រះរាជអាជ្ញា សុំឱ្យដាក់ជនត្រូវចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ មិនព្រមសម្រេចតាមការសុំទេ ចៅក្រមស៊ើបសួរត្រូវចេញដីកាបដិសេធការសុំនេះក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ។ ដីកាសម្រេចនេះ ត្រូវជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា។ ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃទេ ព្រះរាជអាជ្ញាអាចធ្វើបណ្ដឹងទៅសភាស៊ើបសួរ(សាលាឧទ្ធរណ៍) សម្រេចជំនួសចៅក្រមស៊ើបសួរ។

ចំពោះការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការអាចធ្វើការកែប្រែ ឬលុបចោលខ្លឹមសារនៃកាតព្វកិច្ច និងបញ្ចូលកាតព្វកិច្ចថ្មីបានតាម ០៣ (បី) លក្ខខណ្ឌគឺ (១) ការកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយឯកឯងដោយចៅក្រមស៊ើបសួរ និង (២) បណ្ដឹងសុំកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយព្រះរាជអាជ្ញា និង (៣) តាមរយៈបណ្ដឹងសុំឱ្យកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយជនត្រូវចោទ។

នៅក្នុងករណីដែលជនត្រូវចោទបានគេចវេសដោយចេតនាពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួន ជនត្រូវចោទជាបណ្ដោះអាសន្នបាន ទោះបីជាទោសពន្ធនាគារដែលត្រូវរងនោះមានថិរវេលាប៉ុន្មានក៏ដោយ ហើយទោះបីជាជនត្រូវចោទត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន អស់រយៈពេលអតិបរមាដែលបានកំណត់ក៏ដោយ។

កាលណាចៅក្រមស៊ើបសួរសម្រេចថានឹងឃុំខ្លួនបណ្ដោះអាសន្នដោយមូលហេតុខាងលើនេះ។ ការឃុំខ្លួនបណ្ដោះអាសន្នដែលសម្រេចតាមមូលហេតុខាងលើនេះ មិនអាចឱ្យលើសពី ៤ (បួន) ខែ ចំពោះនីតិជន និង ២ (ពីរ) ខែ ចំពោះអនីតិជន។ ចំពោះ អនីតិជនដែលមានអាយុតិចជាង១៤(ដប់បួន)ឆ្នាំមិនអាចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានទេ។

សរុបមក ការត្រួតពិនិត្យតាមផ្លូវតុលាការគឺជានីតិវិធីពិសេសមួយសម្រាប់តុលាការ (ចៅក្រមស៊ើបសួរ) គ្រប់គ្រងជនត្រូវចោទដែលស្ថិតនៅក្រៅឃុំ ដោយផ្ដល់សិទ្ធិអំណាចដល់ចៅក្រមស៊ើបសួរក្នុងការដាក់កាតព្វកិច្ច ឬការហាមឃាត់ជាកំណត់ណាមួយចំពោះជនត្រូវចោទ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីលក្ខ័ណ និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧ ២៧ ៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕